ទូម៉ាស៊ីន ATM របស់ គ្រឹះស្ថាន មីក្រូ ហិរញ្ញ វត្ថុ ប្រាសាក់ មួយកន្លែងត្រូវបាន អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ស្លាកយុីហោ ខ្សែភ្លើងលើបង្គោល ផ្តើមចេញពីឆ្លងទុស្សេចរន្តទូATM បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤៨ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ម្ចាស់ហាងរងគ្រោះ ឈ្មោះ ស៊ីន ថតថារ័ត្ន ភេទ ប្រុស អាយុ២៨ឆាំ្ន ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ហាងPIZZA PEZZO និង ហាង PEACH TEA បានបិទទ្វារសម្រាកទៅហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ មានភ្លើងឆាបឆេះ ចេញពីទូម៉ាសុីនATM របស់ គ្រឹះស្ថាន មីក្រូ ហិរញ្ញ វត្ថុ ប្រាសាក់ ទើបបង្កឲ្យឆោឡោ ភ្លើងឆេះរាលដាល ដល់ស្លាកយុីហោហាងPIZZA ឆេះទាំងខ្សែភ្លើងបំពាក់លើបង្គោល កាន់តែខ្លាំងឡើងៗ ទោះជាពលរដ្ឋប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ យកទៅបាញ់ក៏មិន បានទប់ទល់បាន ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ។
សម្ភារៈខូចខាតក្នុង ហាងPIZZA និងហាងPEACH TEA អស់ប្រមាណ៣០ភាគរយ ខូចខាតទូATM ស្ទើតែទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួស ភ្លើងរលត់ទៅវិញនៅវេលា ម៉ោង១និង ៤៥នាទីបន្ទាប់ ៕




អត្ថបទ៖តាតុងពោធិ៍សែនជ័យ
