ស្ត្រីចិត្តធម៌ម្នាក់ ក្រោយពីបានរកឃើញប្តីរបស់ខ្លួនដែលបានបាត់ប្តីអស់ជាច្រើនខែនិងបាន ឃើញកំពុងសោយសុខជាមួយស្រីថ្មីនោះ បាន សុំឲ្យសមត្ថកិច្ចហៅនាំទាំងអស់ គ្នាទៅ និយាយឲ្យដាច់ស្រឡះនៅប៉ុស្តិ៍នគរបាល កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពធិសែនជ័យ រាជធានីភ្នំពេញ ។
ស្រ្តីចិត្តធម៌ជសប្រពន្ធដើមរូបនេះមានឈ្មោះ ព្រឿង ភ័ស្ត អាយុ២៩ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅ ភូមិ តាមុំ ឃុំ មេទឹក ស្រុកបាកាន ខេត្ត ពោធិសាត់ ។ ភាគីខាងប្តី ឈ្មោះ អ៊ុយ សុខ អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់ ។ រីឯភាគីខាងស្រីថ្មីមានឈ្មោះ អាយុ ៣២ឆ្នាំ ស្នាក់ នៅបន្ទប់ជួលក្នុងភូមិ ជម្ពូវ័ន ២ សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិសែន ជ័យ ។
តាមការបំភ្លឺពីភាគីខាងប្រពន្ធដើម បានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល ច្រើនឆ្នាំមកហើយ មានកូនម្នាក់ជាចំណងស្នេហ៍ តែការរស់នៅ ក្នុងសង្គមគ្រួសារ មួយរយៈ ចុងក្រោយនេះ ហាក់បីដូចគ្នាគ្មានសុភមង្គលក្នុងគ្រួសារ ព្រោះថា លោកប្តីធ្វើការងារបានលុយ មិនដែលគិតរវល់ផ្គត់ផ្គត់គ្រួសារនោះឡើយ មិនតែប៉ុណ្ណោះ បាត់ខ្លួន មិនដែលចូលផ្ទះ អស់រយៈពេលច្រើនខែកន្លងមកហើយ។ ទើបតែនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ គាត់បានប្រទះឃើញលោកប្តី កំពុងធ្វើដំណើរតាមផ្លូវ ទើប លបតាមឃ្លាំមើលពីក្រោយ ទើបដឹងថា លោកប្តីមិនចូលផ្ទះ សុខចិត្តទៅសំងំលាក់ខ្លួន ពួនសោយសុខ នៅក្នុងបន្ទប់ ជាមួយស្រីថ្មី ក្នុងភូមិជម្ពូវ័ន២ ជាប់គ្នាជាមួយភូមិត្រពាំងពោធិដែរ ។ដឹងគោលដៅហើយ ខ្លួនបាន វិលទៅផ្ទះសិន លុះដល់វេលាម៉ោង ៩និង ២០នាទីយប់ ថ្ងៃដដែល បាននាំគ្នា ទៅដល់ បន្ទប់ជួលរបស់ស្រីថ្មី ខ្ទប់ទ្វារជាប់ ស្នើសុំអន្តរាគមន៍ ពីសមត្ថកិច្ចឲ្យជួយហៅទាំងប្តី ទាំងស្រី ទៅនិយាយគ្នាឲ្យដាច់ស្រះនៅប៉ុស្តិ៍នគរបាល ។
នៅក្នុងប៉ុស្តិ៍នគរបាល ដោយមានវត្តមានភាគីទាំងបី ភាគីខាងប្រពន្ធដើមសុខចិត្ត លែងលះ ប្រគល់លោកប្តីឲ្យទៅខាងស្រីថ្មីទាំងស្រុងតែម្តង គ្មានទាមទារអ្វីទាំងអស់ នៅចំពោះមុខ សមត្ថកិច្ច ដើម្បីបញ្ចប់និស័យកម្មស្នេហ៍ ត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយសុខចិត្ត យល់ព្រមធ្វើខ្លួនជាស្រ្តីមេម៉ាយរស់នៅជាមួយម្នាក់ ៕



