ទីតាំងឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនកន្លែងត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការ ឯកភាពខេត្តពោធិ៍សាត់ដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលខេត្ត ចុះបង្ក្រាប កម្ទេចចោលនៅនឹងកន្លែង។
ប្រតិបត្តិការនេះធ្វើឡើងរយៈពេលពេញមួយថ្ងៃថ្ងៃទី 27ខែកក្កដាឆ្នាំ 2021នេះចាប់ពីភូមិសាស្ត្រ ឃុំកំពង់លួងរហូតដល់ចំណុចកំពង់វាលធំ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះប្រើប្រាស់កម្លាំងចម្រុះសរុបចំនួន 31 នាក់ មធ្យោបាយកាណូតចំនួន 8 គ្រឿង។
ក្នុងនោះសមត្ថកិច្ចបាន បានបំផ្លាញចោលរបាំងសាច់អួន នៅនឹងកន្លែងចំនួន 8 ខ្សែ ប្រវែង 2400m ក្បាល បរចំនួន 8 គ្រឿង បំផ្លាញចោលរបាំងស្បៃមុងចំនួន 10 ខ្សែ ប្រវែង1500m លូកងស្បៃម៉ុងចំនួន 15 មាត់ បង្គោលចម្រឹងចំនួន 1850ដើម និងចាក់លែងកូនត្រីចម្រុះចំនួន 22 គីឡូក្រាមចូលក្នុងទន្លេវិញផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រកបរបរនេសាទទាំងអស់ចូលរួម ទប់ស្កាត់បទល្មើសនេសាទឲ្យបានគ្រប់គ្នាដោយត្រូវប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណាដែលស្របច្បាប់និងមិនប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ជាពិសេសក្នុងរដូវបិទនេសាទនេះ៕




អត្ថបទ៖ភ្នាក់ងារខេត្តពោធិ៍សាត់
