ប្រជាពលរដ្ឋជាច្រើននាក់នៅតាមស្រុកមួយចំនួនរបស់ខេត្តកំពង់ធំ បានអះអាងថា មន្ត្រី-សមត្ថកិច្ចជំនាញមួយចំនួន តែងតែយកលេសបង្ក្រាបបទល្មើសនានា ដោយចោទថាប្រជាពលរដ្ឋទាំងនោះទៅឈូសឆាយ ដីព្រៃរបស់រដ្ឋ ឬព្រៃលិចទឹក ហើយចាប់ត្រាក់ទ័ររបស់ពួកគាត់ ដើម្បីទារប្រាក់ពីពួកគាត់ដល់ទៅខ្ទង់ម៉ឺនដុល្លារដើម្បីជាថ្នូរនឹងការដោះលែង។

ជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក៏ធ្លាប់មានករណីមេឃុំដូង ស្រុកប្រាសាទបល្ល័ង្ក រាយការណ៍អំពីកម្លាំងមេព្រៃ មន្ត្រីអាវុធហត្ថ និងអ្នកកាសែត ចុះចាប់ត្រាក់ទ័រពីរគ្រឿងរបស់ប្រជាពលរដ្ឋ ដែលបានឈូសឆាយដីស្រែរបស់ខ្លួន នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ដោយពួកគេតម្រូវឱ្យបង់ប្រាក់លោះយកត្រាក់ទ័រចំនួន ៨,០០០ដុល្លារ។

ចំណែកនៅស្រុកស្ទោងវិញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក៏មានហេតុការណ៍នេះកើតឡើងផងដែរ ដោយមានក្រុមមន្រ្តីជលផលមួយក្រុម ចុះទៅចាប់ត្រាក់ទ័របស់ប្រជាពលរដ្ឋដោយអះអាងថា ប្រជាពលរដ្ឋទាំងនេះបានឈូសឆាយដីសហគមន៍ ហើយបានទារប្រាក់រហូតដល់១ម៉ឺនដុល្លារ ជាថ្នូនឹងការដោះលែងវិញដូចគ្នា។

គ្រួសារប្រជាពលរដ្ឋមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណ រស់នៅស្រុកស្ទោង បានឱ្យដឹងថា មន្ត្រីជលផលមួយក្រុមបានចាប់ត្រាក់ទ័ររបស់គាត់ ហើយតម្រូវឱ្យគាត់បង់ប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិកដើម្បីអាចយកគ្រឿងចក្រវិញ។ គាត់ថា កន្លងមក ក៏ធ្លាប់មានអ្នកកាសែតមួយក្រុម មិនដឹងមកពីណា ធ្លាប់មកថតសកម្មភាពគាត់បើកត្រាក់ទ័រឈូសឆាយ ដីស្រែប្រាំងរបស់ខ្លួន ហើយជម្រិតទារប្រាក់ពីគាត់រាប់ពាន់ដុល្លារ ជាថ្នូរដើម្បីបិទការផ្សាយព័ត៌មាន។

ដោយឡែកនៅនៅស្រុកសណ្ដាន់ឯណោះវិញ ប្រជាពលរដ្ឋដែលធ្វើការអាស្រ័យផលលើដីរបស់ខ្លួន ក៏ត្រូវក្រុមមន្រ្តីរដ្ឋបាលព្រៃឈើចាប់យកគ្រឿងចក្រទៅដែរ ហើយប៉ុន្មានថ្ងៃមុន មានអ្នកទៅលោះយកគ្រឿងចក្ររបស់ខ្លួនត្រឡប់មកវិញជាបន្តបន្ទាប់ អ្នកខ្លះអស់ ៣ លានរៀល អ្នកខ្លះអស់ ៥ លានរៀន អ្នកខ្លះអស់ ៨ លានរៀល អ្នកខ្លះទៀតក៏អស់ដល់ទៅ ១០ លានរៀលឯណោះ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមសមត្ថកិច្ច និងមន្រ្តីទាំងនេះ មានសេណារីយ៉ូ ៣ជំហានរួមមាន៖

ទី១៖ ដំបូងឡើយ ពួកគេឱ្យក្រុមអ្នកកាសែតមួយចំនួនដែលជាបក្ខពួករបស់គ្នាគេ ចុះទៅថតយករូបភាពនៅទីតាំងដែលពួកគេអាចគាបស៊ីបាន ដោយសំឡុតថានឹងចុះផ្សាយព័ត៌មានជាសាធារណៈ ហើយជម្រិតទារប្រាក់ពីម្ចាស់ស្រែ ឬម្ចាស់គ្រឿងចក្រទៅតាមចំនួនដែលគេចង់បាន។

ទី២៖ ប្រសិនបើជំហានដំបូងមិនបានសម្រេច នឹងមានការបញ្ចេញកម្លាំងសមត្ថកិច្ច ដែលមានទាំងខាងអាវុធហត្ថ នគរបាល ឬខាងជលផល មេព្រៃ ចុះមកដកហូតគ្រឿងចក្រទាំងនោះ យកទៅទុកនិង បន្តការជម្រិតទារប្រាក់ពីប្រជាពលរដ្ឋម្ចាស់គ្រឿងចក្របន្ថែមទៀត។ ប៉ុន្តែក្នុងចំនួនឡើងខ្ពស់ជាងជំហានទី១ ដែលអាចចូលដល់ខ្ទង់ម៉ឺនដុល្លារ។

ទី៣៖ ប្រសិនបើជំហានទី២ នៅតែមិនបានសម្រេចទៀត ពួកគេក៏យកច្បាប់មកប្រើវិញម្ដង ដោយបញ្ជូនសំណុំរឿងឡើងទៅព្រះរាជអាជ្ញា ដើម្បីអនុវត្តនីតិវិធីជាមួយស្ថាប័នតុលាការវិញម្ដង ហើយប្រាក់ដែលប្រជាពលរដ្ឋ ត្រូវលះបង់នោះ គឺក្នុងចំនួនច្រើនជាងមុន។

ទាក់ទងទៅនឹងការលើកឡើងរបស់ពលរដ្ឋនេះសារព័ត៌មានត្រយងមិនទាន់អាចស្វែងរកការ បំភ្លឺពីអង្គភាពពាក់ព័ន្ធដែលរងនូវការចោទប្រកាន់នោះបានឡើយនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ ២០២១នេះ៕

Share.