
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានជូនដំណឹងនៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះថាក្រុមយុវជនក្រោមអាយុ២៣ឆ្នាំរបស់កូរ៉េខាងជើង បានប្រកាសដកខ្លួនចេញពីពានរង្វាន់ជើងឯកយុវជនក្រោមអាយុ២៣ឆ្នាំប្រចាំទ្វីប 2022 AFC U-23 Asian Cup ដែលស្ថិតនៅពូល K ជាមួយកម្ពុជា និងជប៉ុន។
ក្រោយការដកខ្លួនរបស់កូរ៉េខាងជើង AFC នឹងចាប់ឆ្នោតយកក្រុមណាមួយនៃពូល G, H, I ឬ J ដើម្បីបង្គ្រប់ពូល K ឲ្យបានបីក្រុមវិញ។ ក្រុមដែលអាចចូលក្នុងពូល K មានចិន ឬព្រុយណេ (ពីពូល G), ទីម័រខាងកើត ឬ ហ្វីលីពីន (ពីពូល H), មីយ៉ាន់ម៉ា ឬហុងកុង (ពីពូល I), ម៉ាឡេស៊ី ឬ ឡាវ (ពីពូល J)។ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ខាងមុខ។
ការប្រកួត 2022 AFC U-23 Asian Cup នឹងធ្វើឡើងនៅប្រទេសអ៊ូបេគីស្ថាន ចន្លោះថ្ងៃទី១ដល់១៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដែលជ្រើសរើសយកក្រុមខ្លាំងមកពីវគ្គជម្រុះ។ វគ្គជម្រុះបែងចែកជា២តំបន់គឺអាស៊ីខាងលិច និងអាស៊ីខាងកើត។ វគ្គជម្រុះនេះរៀបចំប្រកួតពីថ្ងៃទី២៣ ដល់៣១ ខែតុលា ឆ្នាំ២០២១ ដែលមាន៤១ក្រុមចូលរួមប្រកួត ដែលបែងចែកជា១១ពូល៕

