សមត្ថកិច្ចបានសម្រេចបូជាសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលស្លាប់អណ្ដែតក្នុងស្ទឹងពោធិ៍សាត់។
ពិធីបូជាសពមិនទាន់ស្គាល់អត្តសញ្ញាណនេះធ្វើឡើងនៅទីបច្ឆាវត្តពោធិ៍សុវណ្ណរង្សីហៅវត្តពោធិ៍ក្នុងឃុំអន្លង់វិលស្រុកកណ្ដៀងខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី 31ខែកក្កដាឆ្នាំ 2021 នេះ។
លោកប៊ុន ស៊ីអធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានកម្ពស់មួយម៉ែត្រ 60 សម្បុរខ្មៅស្រអែម សក់ខ្លីស្លូតត្រង់ ពាក់អាវក្រៅដៃវែងពណ៌ត្រេអ៊ីនិងមានអាវក្នុងពណ៌លឿង ស្លៀកខោជើងវែងពណ៌ខ្មៅ។
លោកបញ្ជាក់ថាសភាពសពរឹងគ្រប់សន្លាក់ ច្រមុះនិងមាត់មានចេញឈាម។ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទាំងអស់។សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកលើស 24ម៉ោងឡើង។
លោកបញ្ជាក់ថាសាកសពខាងលើត្រូវបានគេប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងពោធិ៍សាត់នៅចំណុចខាងជើងស្ពានវត្តពោធិ៍ចម្ងាយ 100 ម៉ែត្រក្នុងភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចរបស់លោកបានចុះដល់កន្លែងកើតហេតុនិងស្រង់សាកសពឡើងលើគោកដើម្បីពិនិត្យនិងស្វែងរកសាច់ញាតិប៉ុន្តែទុកមួយរយៈពេលរកមិនឃើញទើបសមត្ថកិច្ចសម្រេចបញ្ជូនទៅគណៈកម្មការវត្តពោធិ៍ធ្វើការបូជាតែម្ដង។
លោកបានអំពាវនាវចំពោះក្រុមគ្រួសារដែលបាត់សមាជិកមានភិនភាគដូចខាងលើមកទំនាក់ទំនងគណៈកម្មការវត្តដើម្បីទទួលយកធាតុទៅវិញ៕



អត្ថបទ៖ពោធិ៍សាត់
