
ក្រោយចែកផ្លូវជាមួយគ្រូបង្វឹកចាស់ Srečko Katanec កាលពីចុងខែមិថុនា កន្លងទៅ នៅពេលនេះក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានប្រកាសចុះកុងត្រា ជាមួយគ្រូបង្វឹកថ្មី គឺលោកDick Advocaat វ័យ៧៣ឆ្នាំ ជនជាតិហុល្លង់ ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិល្បីៗជាច្រើនទាំងតំបន់អាស៊ី និងអឺរ៉ុប។
បើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ាក់ បានបញ្ជាក់ថាគ្រូបង្វឹករូបនេះនឹងចូលដឹកនាំក្រុមក្នុងពេលឆាប់ៗ ក្រោយចាកចេញពីក្រុម Feyenoord សមាជិកលីគកំពូលហុល្លង់។ ការងារថ្មីរបស់បុរសធ្លាប់ដឹកនាំក្រុមជម្រើសជាតិចំនួន៦ មកនេះគឺដឹកនាំក្រុមជម្រើសជាតិអ៊ីរ៉ាក់ ចូលរួមប្រកួតវគ្គជម្រុះជុំទី៣ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2022 FIFA World Cup Qatar ដោយស្ថិតនៅពូល A ជាមួយអ៊ីរ៉ង់ កូរ៉េខាងត្បូង អារ៉ាប់រួម ស៊ីរី និងលីបង់។ ក្រៅពីនោះអ៊ីរ៉ាក់ ត្រូវប្រកួត ពូល A នៃពានរង្វាន់ 2021 FIFA Arab Cup ដែលធ្វើឡើងនៅប្រទេសកាតារ ចុងឆ្នាំនេះ ជាមួយម្ចាស់ផ្ទះ អូម៉ង់ និងបារ៉ែន។

លោកDick Advocaat ធ្លាប់ដឹកនាំក្រុមជម្រើសជាតិខ្លួនចំនួន៣លើក ដោយលើកដំបូងចន្លោះឆ្នាំ១៩៩២ ដល់៩៤ លើកទី២ឆ្នាំ២០០២ ដល់២០០៤ និងលើកទី៣ ឆ្នាំ២០១៧។ ក្រៅពីនោះលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិអារ៉ាប់រួម ឆ្នាំ២០០៥ ហើយនៅឆ្នាំ២០០៥ដល់២០០៦ ប្តូរទៅដឹកនាំកូរ៉េខាងត្បូង។ ចាប់ពីឆ្នាំ២០០៩ដល់២០១០ លោកចេញទៅដឹកនាំក្រុមប៊ែលហ្សិក ហើយពីឆ្នាំ២០១០ ដល់២០១២ លោកដឹកនាំរុស្ស៊ី ម្តង និងឆ្នាំ២០១៤ លោកដឹកនាំជម្រើសជាតិស៊ែប។
ចំណែកក្លិបវិញលោកធ្លាប់ដឹកនាំក្រុម HFC Haarlem, SVV, Dordrecht, PSV, Azនៅហុល្លង់ និងដឹកនាំក្រុម Ranger នៅស្កុតឡែន ដឹកនាំក្រុម Borussia Mönchengladbach នៅអាល្លឺម៉ង់ ដឹកនាំក្រុម Sunderland នៅអង់គ្លេស ដឹកនាំក្រុម Fenerbahçe នៅទួរគី និងដឹកនាំក្រុម Zenit នៅរុស្ស៊ី ជាដើម៕

