
ក្រុមបាល់ទាត់វិសាខា គីរីវង់សុខសែនជ័យ និងបឹងកេត សុទ្ធតែរកបានជ័យជម្នះដូចគ្នា នៅល្ងាចថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ នេះខណៈក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើល ចែកពិន្ទុគ្នា ក្នុងសប្ដាហ៍ទី១១ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021។
ក្រុមវិសាខា បានយកឈ្នះលើក្រុមខេត្តព្រៃវែង ៣ទល់២ លើទីលានកីឡដ្ឋាន Prince Stadium ហើយអតីតកីឡាករជម្រើសជាតិកាណាដា Marcus Haber រកបាន២គ្រាប់ម្នាក់ឯងឱ្យវិសាខា ខណៈ កែវ សុខផេង រកបាន១គ្រាប់។ ចំណែក២គ្រាប់វាយបករបស់ក្រុមខេត្តព្រៃវែង រកបានដោយថ្វីជើងកីឡាករ វឿន វ៉ា និង គី រីណា។
ចំណែកក្រុមម្ចាស់ផ្ទះអគ្គីសនីកម្ពុជា វិញបានប្រកួតចាញ់ក្រុមគីរីវង់សុខសែនជ័យ លើទីលានកីឡដ្ឋានអគ្គីសនី របស់ខ្លួន ស្របពេលកីឡាករប្រេស៊ីល Osmar និងកីឡាករ ឯម ផាន់ណា រកគ្រាប់បាល់ម្នាក់១គ្រាប់ ឱ្យគីរីវង់ ត្រឡប់ទៅខេត្តតាកែវ វិញ។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមជើងឯកឆ្នាំចាស់បឹងកេត ដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ កីឡាករកាមេរ៉ូន Privat បានរកគ្រាប់បាល់ឱ្យស្វាយរៀង នាំមុខមុន តែ ចាន់ វឌ្ឍនាកា បានរកគ្រាប់បាល់វាយបក២គ្រាប់លើក្រុមចាស់ខ្លួន នាំជ័យជម្នះឱ្យក្រុមបឹងកេត។
ចុងក្រោយក្រុមភ្នំពេញក្រោន បានចែកពិន្ទុគ្នាម្នាក់១ពិន្ទុ ជាមូយក្រុមណាហ្គាវើល លើទីលានកីឡដ្ឋាន Smart RSN Stadium។ កីឡាករ ឃឹម បុរី បានរកគ្រាប់បាល់ឱ្យណាហ្គាវើល នាំមុខមុន តែកីឡាករប្រេស៊ីល Matheus Souza រកគ្រាប់បាល់វាយបកឱ្យភ្នំពេញក្រោន តាមស្មើវិញ៕

