រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំនេះនឹងមានការអញ្ជើញ ចូលរួមពី រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ាន ផងដែរ។
អង្គប្រជុំ នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅ លើកកម្ពស់ និងជំរុញបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវអនុតំបន់ មេគង្គ ដែលមានស្ថិរភាព ភាពរឹងមាំ ធន់នឹងវិបត្តិ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាព ប្រកបដោយចីរភាព ដោយមានការគិតគូរពិចារណាទៅដល់ជំងឺរាតត្បាតកូវីដ-១៩ និង ផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពរបស់ អនុតំបន់ ក្រោយជំងឺ រាតត្បាត៕

