ជាជោគជ័យថ្មីមួយទៀតរបស់មជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ដែលបានបង្ហាត់សុនខទទួលបាន ជោគជ័យក្នុងការហិតក្លិនស្វែងរកមេរោគកូវីដ១៩។ ជោគជ័យរបស់សុនខក្រុមទី១ដែលមាន ចំនួន០៣ក្បាលនេះត្រូវបានប្រកាសឲ្យដឹងដោយអគ្គនាយក មជ្ឈមណ្ឌលកំចាត់មីនកម្ពុជានៅថ្ងៃទី០២ ខែសីហាឆ្នាំ២០២១នេះ។​

សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩​ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។​ រីឯសុនខក្រុមទី២​ចំនួន៧ក្បាលទៀត​ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់

នេះជាការបញ្ជាក់របស់នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ឯកឧត្តម ហេង រតនាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម។

លោកថា ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:​ពេលប្រមាណតែ១០-១៥វិនាទី។ ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ​ច្រកទ្វារអន្តរជាតិ​ និងពហុកីឡាដ្ឋានជាដើម។

ឯកឧត្តមអគ្គនាយករំលឹកថា ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុក វីរុសកូវីដ១៩នេះ​ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ​ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩​។

ឯកឧត្តមអះអាងថា សុនខទាំងនេះកើតនៅកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា៕

Share.