មានករណីឆ្លងចរន្តអគ្គិសនីបានផ្ទុះឆាបជាអណ្តាតភ្លើងឆេះផ្ទះ និងរោងត្រាក់ទ័ររបស់ ប្រជាពលរដ្ឋចំនួន ២ខ្នងនៅក្នុងស្រុកកំរៀង សំណាងល្អមិនប៉ះពាល់ដល់ជីវិតមនុស្ស។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ០៥ ក្នុងភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

អគ្គិភ័យនេះបានបំផ្លាញផ្ទះអស់ ១ខ្នងទំហំ ៤ម x៥មធ្វើពីឈើជញ្ជាំងក្តា ប្រក់ស័ង្កសី និងឆេះអស់រោងដាក់ត្រាក់ទ័រ ១ខ្នងទៀតទំហំ ៨ម x៦ម ជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះណាំ កប ភេទប្រុស អាយុ ៣៩ឆ្នាំ  មានទីលំនៅ នៅទីតាំងកើតហេតុខាងលើ។

ជនរងគ្រោះជាម្ចាស់ផ្ទះបានឲ្យថា មូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យខាងលើបណ្តាល មកពីឆ្លងចរន្តអគ្គិសនីព្រោះមុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះបែកផ្កាភ្លើង បន្ទាប់ មកបានដាច់ចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលតែម្តង។

ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖សម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើន រួមទាំងឆេះ ត្រាក់ទ័រ ដាក់ចតនៅក្រោមរោងប៉ះពាល់អស់មួយផ្នែក និងមិនមាន មនុស្សរងគ្រោះ ដោយសារ ហេតុការណ៍នេះទេ៕

អត្ថបទ៖ ដំបងក្រញូង

Share.