ស្ត្រីជនសង្ស័យម្នាក់ ត្រូវបានភាគីដើមបណ្តឹងចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពី ប្រើល្បិចលួចចម្លងកូនសោម៉ូតូរបស់មិត្តភ័ក្រ លួចយកទៅបញ្ចាំបានលុយគេចខ្លួន ប្តូរផ្ទះ ស្នាក់នៅជាងមួយខែ។ ក្រោយមកម្ចាស់រងគ្រោះបានតាមស្វែងរកឃើញ និងឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍នគរបាល កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ជន សេរីរ័ត្ន ភេទស្រី ស្លៀកពាក់ធ្វើជាប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ាង សុភារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងធ្វើស្លាកយីហោ ស្នាក់នៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិជីផុល សង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ម៉ូតូដែលជនសង្ស័យលួចយកទៅបញ្ចាំនោះ មានម៉ាកហុងដាឌ្រីម សេរី២០២០ ឡើងតែម ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-8897 ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងមក ជនសង្ស័យ មានគ្នា២នាក់ ជាអ្នកស្គាល់រាប់អានគ្នា បានទៅលេងដល់បន្ទប់ជួល នៅសង្កាត់ ត្រពាំងក្រសាំង អាងតែទុកចិត្ត ភ្លេចខ្លួន ស្រាប់តែជនសង្ស័យ ម្នាក់ឈ្មោះ សារិទ្ធ បានលួច យកម៉ូតូ ជិះគេចទៅបាត់។
រីឯជនសង្ស័យមានឈ្មោះ ជន សេរីរ័ត្ន បានលួចយកម៉ូតូទៅដាក់លាក់នៅ បន្ទប់ជួល របស់ ខ្លួន នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ រួចនាំគ្នាយកទៅ បញ្ចាំបាត់ បានលុយ គេចខ្លួនប្តូរ ទាំងផ្ទះស្នាក់នៅ ។ពេលនោះជនរងគ្រោះបានដើររកដែរ តែរកមិនឃើញ ទើបតែនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ប្រទះឃើញជនសង្ស័យ លួចប្តូរបន្ទប់មកស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង២ វិញ។ក្រោយមកជនរងគ្រោះបានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ជនសង្ស័យបានសារភាពថា រូបគេនិងមិត្តភ័ក្រម្នាក់ទៀត ឈ្មោះ សារិទ្ធ បានរៀបចំគម្រោងជាស្រេច ប្រើល្បិច កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខ្ចីម៉ូតូជនរងគ្រោះទៅចម្លងកូនសោទុកជាស្រេច។ លុះដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ប្រើល្បិចទៅលេងជនរងគ្រោះ រួចលួចយកម៉ូតូ ទៅបញ្ចាំ នៅម្តុំស្ទឹងមានជ័យ បានលុយ៧០ម៉ឺនរៀល ប្តូរបន្ទប់ជួល គេចខ្លួនកុំឲ្យជនរងគ្រោះរកឃើញ អស់រយៈពេលជាង១ខែ ស្រាប់តែនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០២១នេះ ជនរងគ្រោះប្រទះជួប ឃើញ ប្តឹងប៉ូលិសឃាត់ខ្លួនតែម្តង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវរកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ៕



