ក្រោយពីប្រទេសកម្ពុជាបានផ្អាកការប្រារព្ធពិធីបុណ្យអុំទូកអស់រយៈពេល៣ឆ្នាំដោយសារតែស្ថានភាពកូវីដ១៩ និងការរៀបចំស៊ីហ្គេម ឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំពិធីបុណ្យអុំទូកមានលក្ខណៈធំនិងប្លែកជាទីចាប់អារម្មណ៍។ ក្នុងនោះមហាជនបានកោតសរសើរពីការបង្ហាញប្រទីបក្រសួងស្ថាប័ន និងមានការរួមបញ្ចូលវិស័យឯកជន ដែលមានប្រទីបស្អាតៗ បង្ហាញក្នុងពេលរាត្រីនៅមុខព្រះបរមរាជវាំង។

ពន្លឺដ៏ស្រទន់រំលេចរូបរាងក្រសួងស្ថាប័នបង្ហាញពីស្ថាបត្យកម្មដ៏ស្រស់ស្អាតនិងសមត្ថភាពច្នៃប្រឌិតនៅក្នុងយុគសម័យឌីជីថល បានបណ្ដែងលើផ្ទៃទឹកដងទន្លេឆ្លងកាត់មុខព្រះបរមរាជវាំង បង្កើតភាពស្រស់ស្អាតនិងទាក់ទាញអ្នកដើរកម្សាន្តនៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំបះព្រះខែ អកអំបុក ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ២០២៣។

ការបង្ហាញប្រទីបយប់ថ្ងៃទី២៦ គឺជាថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ថ្ងៃនេះជាថ្ងៃទី២ ក្រៅពីការទស្សនាការប្រណាំងទូក ការប្រគំតន្រ្តី និងការកម្សាន្តផ្សេងៗ ពុក ម៉ែ បងប្អូនទាំងអស់គ្នាកុំភ្លេចទស្សនាការបណ្ដែតប្រទីបនាពេលរាត្រី។

សូមទស្សនាបណ្ដុំរូបភាបខាងក្រោមនេះ

សូមរំលឹកថា រាជរដ្ឋាភិបាល បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២៦-២៨ខែវិចិ្ឆកា ឆ្នាំ២០២៣ ដើម្បីបើកឱកាសឱ្យប្រជារាស្ត្រ បានចូលរួមកម្សាន្តបុណ្យប្រពៃណីជាតិខ្មែរ ដោយមាន បណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

ពិធីបុណ្យអុំទូក ប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសឱ្យប្រជារាស្ត្រ ចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមាន បណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី៕

Share.