បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿន លឿន បានជ្រុលចង្កូតបុកនិងអ្នកថ្មើរជើងហើយអូសជាង១០០ម៉ែត្រ រថយន្តរេចង្កូតធ្លាក់ផ្លូវចូលទឹក ប្រឡាយរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចមុខសួនវឌ្ឍនៈនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ ។សាកសពពាក់អាវយឺតវៀល ខ្លៀកពណ៌ខ្មៅ ស្លៀកខោខ្លីពណ៌ក្រហម វ័យប្រហែល៣០ឆ្នាំជាង កម្ពស់ប្រហែល១ម៉ែត្រ៧០។

យោងតាមប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តដឹកទំនិញ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E.2946 បើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុខាងលើបានជ្រុលចង្កូតទៅបុកបុរស ម្នាក់កំពុងតែដើរឆ្លងផ្លូវយ៉ាងពេញទំហឹងអូសជាង ១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ចំណែករថយន្ត បានរេចង្កូតធ្លាក់ផ្លូវចូលទឹក ប្រឡាយរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបាន រត់គេចខ្លួនបាត់ស្រមោលបន្សល់រថយន្តទុកឲ្យសមត្ថកិច្ច ជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានី ភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។
ដោយឡែកសពជនរងគ្រោះ ត្រូវបានយកទៅតំកល់នៅ វត្ត ឫស្សីសាញ់ រង់ចាំសាច់ញតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕


