កសិករម្នាក់បានប្រទះឃើញគ្រាប់កាំភ្លើង និងគ្រាប់មីនជាច្រើនគ្រាប់កប់នៅក្នុងដីទួលក្បែរ ទីវាលស្រែក្នុងភូមិសាស្ត្រស្រុករុក្ខគិរីខេត្តបាត់ដំបង។

មន្ត្រីនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១នេះ យុទ្ធភណ្ឌជាច្រើនគ្រាប់ត្រូវបាន ពលរដ្ឋ ប្រទះ ឃើញកប់នៅក្នុងដីទួលមួយកន្លែងត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋម្ចាស់ស្រែឈ្មោះមុំ សុខុម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានបញ្ជាក់ថា ខណៈពេលដែលគាត់កាប់ឆ្ការគុម្ពោតព្រៃក្បែរទីវាលស្រែរបស់គាត់ក៏បាន ប្រទះឃើញគ្រាប់កាំភ្លើង និងគ្រាប់ជាច្រើនគ្រាប់បន្តបន្ទាប់គ្នា ហើយគាត់ក៏បានទៅ រាយការណ៍ដល់សមត្ថកិច្ចដើម្បីចុះមកពិនិត្យមើល។

ក្រោយមកនគរបាលជំនាញ សហការជាមួយមន្ត្រីស៊ីម៉ាក់បានចុះមករំដោះចេញ នាំយក ទៅរក្សាទុកដាក់នៅកន្លែងមានសុវត្ថិភាពរង់ចាំពេលវេលាកម្ទេចចោលនៅពេលក្រោយ។

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើសរុបចំនួន ៤គ្រាប់ ក្នុងនោះគ្រាប់មីនកង្កែប ប្រភេទ ៤៧ ផលិតនៅប្រទេសចិនចំនួន ៣គ្រាប់ និងក្បាលគ្រាប់ DK  ១០៧មីលីម៉ែត្រផលិតនៅ អតីត សហភាពសូវៀត(រុស្ស៊ី)ចំនួន ១គ្រាប់ផងដែរ៕

អត្ថបទ៖ដំបងក្រញូង

Share.