នារីវ័យក្មេងៗជាង១០នាក់ បានជួបជុំគ្នាផឹកស៊ីរំលោភបម្រាមគោចរ របស់រដ្ឋបាលរាជធានី ភ្នំពេញត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ចុះទៅចាត់វិធានការ ឃាត់ខ្លួន នៅយប់ថ្ងៃទី០៤ខែសីហាឆ្នាំ ២០២១នេះ។
ក្រុមនារីវ័យក្មេងៗ១២នាក់ត្រូវបានអាជ្ញាធរធ្វើការអប់រំ និងឃាត់បុរសម្នាក់ជាម្ចាស់ទីតាំងប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលពួកគេបានជួបជុំគ្នាផឹកស៊ីនៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ស្របពេលដែលសាលារាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កម្លាំងល្បាតរបស់ សង្កាត់ ខណ្ឌ ល្បាតក្នុងមូលដ្ឋាន បានឃើញទីតាំងស្រាក្រឡុកមួយកន្លែងស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង បន្តអាជីវកម្ម បើកទទួលម៉ូយ ភ្ញៀវជា នារីៗក្មេងៗចូលផឹកស៊ី ទើបកម្លាំងចុះទៅចាត់វិធានការ។
នៅពេលឃើញសត្ថកិច្ចពួកគេនាំគ្នារត់គេចទៅសំងំដល់ក្នុងផ្ទះ សមត្ថកិច្ចបានតាមហៅឲ្យចេញមកវិញ ឃាត់បាន១៣នាក់។ក្នុងនោះមាន ស្រី១២នាក់ ប្រុស១នាក់ ជាម្ចាស់ទីតាំង ហើយហៅក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ត តែលទ្ធផលអវិជ្ជមាន កូវីដ-១៩ ។
ក្រោយពីធ្វើតេស្តសំណាករួច ក្រុមនារី១២នាក់ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យធ្វើការអប់រំរួចអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកបុរសម្នាក់ជាម្ចាស់ទីតាំង ឃាត់ខ្លួននាំយកទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តតាមវិធានការរដ្ឋបាល៕



