បើទោះជាកន្លងមកអាជ្ញាធរបានជូនដំណឹងនិងចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀត​ ឱកាស រំលោភដីរដ្ឋក្តីក៏រហូតមកដល់ពេលនេះនៅតែមានសកម្មភាពរំលោភបំពានកើតឡើង។អភិបាលរងខណ្ឌចំការមនបានអំពានាវកុំឲ្យពលរដ្ឋចាញ់បោកគេទិញដីរបស់រដ្ឋ នាំឲ្យខាតបង់ថវិកា។

គណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះរុះរើសំណង់ដែលសាងសង់រំលោភដីរដ្ឋស្ថិតនៅត្រង់ចំណុចដីបឹង សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ ២០២១ក្រោមការដឹកនាំបញ្ជាពីលោក អាំង សេរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ។

លោក អាំង សេរីពិសិដ្ឋបានលើកឡើងថា ក្រោយពីអាជ្ញាធរមូលដ្ឋានបានទទួលដំណឹងថាមានជនឆ្លៀតឱកាសចាក់ដីរំលោភ យកដីបឹងរបស់រដ្ឋ កម្លាំងអាជ្ញាធរ មូលដ្ឋានបានចុះមកធ្វើការត្រួតពិនិត្យខណ:នោះក្រុមឆ្លៀតឱកាសក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ ។

អាជ្ញាធរបានទុកពេលមួយថ្ងៃសម្រាប់ឲ្យក្រុមអ្នករំលោភទាំងអស់នោះ រុះរើចេញ ប៉ុន្តែក្រុមឆ្លៀតឱកាសទាំងនោះមិនបានសហការជាមួយនឹងអាជ្ញាធរ ទើបកម្លាំងអាជ្ញាធរខណ្ឌចំការមនចាត់វិធានការក្ដៅចុះរុះរើរបងនិងកន្លែងចិញ្ចឹមមាន់យកទៅរក្សាទុកនៅសាលាខណ្ឌ។

បើតាមអភិបាលរងខណ្ឌចំការមនរូបនេះ ដីដែលជនឆ្លៀតឱកាលបានចាក់លប់បឹងអាជ្ញាធរនឹងដាក់គ្រឿងចក្រឲ្យកាយផ្ដាច់វិញ។លោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យទិញដីបឹងដែលគ្មានលិខិតស្នាមច្បាស់លាស់និងចាក់ដីរំលោភបំពានទៅលើដីរដ្ឋនាំឲ្យមានការខាតបង់ថវិកានិងចាញ់បោកជនឆ្លៀតឱកាស៕

អត្ថបទ៖សាវី

Share.