លោកតាវ័យ៩២ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទុកឲ្យក្រុមគ្រួសារ ទ្រហោរយំទាំងអាល័យនិងសោកស្តាយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលលោកតាកំពុងជិះកង់តាមដងផ្លូវ ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿង ហ្វ្រាំងមិនទាន់ជ្រុលបុកកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវ៥០ម៉ែត្រ ចំណុចភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

លោកតារងគ្រោះមានឈ្មោះ ប៉ែល ប៉ាត់ អាយុ៩២ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ ។

តាមប្រភពបានឲ្យដឹងថា រាល់ព្រឹកលោកតាតែងតែជិះកង់ចេញពីផ្ទះ រកទិញអាហារពិសារ ម្យ៉ាងដូចហាត់ប្រាណផងដែរ ទោះជាកូនចៅហាម ខ្លាច ប្រឈមគ្រោះថ្នាក់ផ្សេងៗ តែលោកតាអាងតែជិះក្បែរៗផ្ទះ ។

មុនពេលកើតហេតុ លោកតាជិះកង់ដូចសព្វដង ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ឆ្លងផ្លូវ ក្នុងបំណងរកទិញអារហារ ស្របពេលដែលឆ្លងកាត់ទៅខាងឆ្វេង ស្រាប់តែម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-1343 ជិះដោយបុរសម្នាក់ បើកស្របទិស បាំងរថយន្តមួយគ្រឿង មើលមិនទាន់ក៏ជ្រុលបុកកង់លោតតា បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ វាស់វែង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯកង់និងម៉ូតូ រួមទាំងអ្នកបើកម៉ូតូផងត្រូវបាននាំយកទៅកាន់ផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

Share.