សំណុំរឿងអាជ្ញាធរថៃសាងសង់ ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនោះ មិនទាន់ស្ងប់ស្ងាត់នៅឡើយ គិតរហូតមកដល់ពេលនេះ។ នោះក៏ព្រោះតែកម្ពុជាដែលតំណាងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវភឿង សុកុណា បានស្នើឲ្យ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការស្តីពីគម្រោងនេះ។
ប្រភពពីក្រសួងវប្បធម៌បានឲ្យដឹងថា សំណើនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈនិង លោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា។
សម្រាប់រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ការស្នើសុំព័ត៌មានជាក់លាក់ និងឯកសារផ្លូវការស្តីពីគម្រោង សាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេច នូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ប្រភពដដែលអះអាងថា ក្នុងកិច្ចពិភាក្សាភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ លើវិស័យវប្បធម៌ទ្វេភាគី និងពហុភាគី រួមមាន សកម្មភាព មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ដែលកម្ពុជា ជាប្រធានប្តូរវេន។
នាឱកាសនោះ កិច្ចពិភាក្សា ក៏បានលើកឡើងផងដែរពីករណីព័ត៌មានស្តីពីគម្រោងនៃការ សាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និង សារព័ត៌មានផ្សព្វផ្សាយ ថាមាន ការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិ នៃប្រទេស ទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្រ្តី បានស្នើ ដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោង នៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ។
ឯកឧត្តមឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើ សុំរបស់ ភាគី កម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ៕






