បន្ទាប់ពីមានករណីដ៏ចម្រូងចម្រាស់គ្នារវាងប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ច រឿងចាប់ ត្រាក់ទ័រ របស់ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្កនោះ ទីបំផុត ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកំពង់ធំ លោក ស៊ិន វិរៈ បានបញ្ជាក់ថា សូមឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើ សុំ ត្រាក់ទ័រវិញ នៅសាលាដំបូងខេត្តកំពង់ធំ ហើយលោកក៏នឹងសម្របសម្រួលប្រគល់ត្រាក់ទ័រ ជូនប្រជាពលរដ្ឋវិញ ក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាននាព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោក ស៊ិន វីរៈ បានឱ្យដឹងថា លោកនឹងសម្របសម្រួលជាមួយប្រជាពលរដ្ឋ តែសូមឱ្យប្រជាពលរដ្ឋ ដាក់ពាក្យស្នើសុំត្រាក់ទ័រវិញ មកសាលាដំបូងខេត្តកំពង់ធំជាមុនសិន។
ការអះអាងរបស់លោក ស៊ិន វិរៈនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋទទួចស្នើសុំត្រាក់ទ័រចំនួន ២គ្រឿង ដែលសមត្ថកិច្ចចាប់យកទៅទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដោយសមត្ថកិច្ចចោទប្រកាន់ថា ប្រជាពលរដ្ឋ ឈូសដីព្រៃគម្របព្រៃឈើ នៅមូលដ្ឋានភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកព្រះរាជាអាជ្ញាបញ្ជាក់ថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នឹងសម្រប សម្រួលប្រគល់ត្រាក់ទ័រទាំង ២គ្រឿង ជូនប្រជាពលរដ្ឋវិញ នៅពេលឆាប់ៗខាងមុខនេះហើយ ដើម្បីបញ្ចប់បញ្ហាទាំងឡាយជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់។
លោកថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏នឹងបន្តសួរនាំភាគីពាក់ព័ន្ធ បន្ថែម ទៀតអំពីការរឹបអូសត្រាក់ទ័រពីប្រជាពលរដ្ឋ និងករណីទារប្រាក់ពីប្រជាពលរដ្ឋជាដើម៕

