ជនសង្ស័យម្នាក់បានចូលទៅលួចកង់ដែលគេទុកនៅជិតបន្ទប់ជួលរួចយកទៅលាក់ទុកនៅ ក្បែរបន្ទប់ផ្ទះដែលគេទុកចោលមួយកន្លែងទៀត។ ក្រោយពីម្ចាស់ទទួលដំណឹងថាមានគេលួចយកកង់របស់ខ្លួនក៏រត់ទៅតាមរកឃើញកង់ដែលជនសង្ស័យលាក់រួចក៏ចូលទៅបម្រុងបណ្ដើរកង់យកមកវិញស្រាប់តែលេចមុខជនសង្ស័យទាញដាវសាមូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ ចំណុចផ្ទះទុកចោលមួយកន្លែងតាមបណ្តោយផ្លូវ៣៧១សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឈុំ សុភា ភេទប្រុសអាយុ៣៦ មុខរបរត់ម៉ូឌុប បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុ។
ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញជនសង្ស័យបានដើរទៅចូលលួចកង់របស់ជនរងគ្រោះនៅជិតបន្ទប់ជួលរួចជនសង្ស័យបានយកកង់ទៅដាក់នៅកៀនផ្ទះគេទុកចោលមួយកន្លែងទៀតបន្ទាប់មកក៏បានប្រាប់ទៅជនរងគ្រោះថាកង់របស់ខ្លួនត្រូវបានជនសង្ស័យលួចយកទៅដាក់លាក់នៅចំណុចជិតស្ថានីយបូមទឹកបឹងទំពុន ។
ជនរងគ្រោះក៏បានដើររកចូលទៅអើតមើលឃើញកង់បម្រុងបណ្ដើរចេញស្រាប់តែជនសង្ស័យទាញដាវសាមូរ៉ៃមកកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យព្យាយាមរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋដេញពីក្រោយតាមជនសង្ស័យរត់មកដល់ចំណុចផ្លូវបេតុងមួយកន្លែងក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យត្រូវពលរដ្ឋឃាត់បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌមានជ័យចុះទៅដល់ឃាត់ខ្លួនបានដឹកយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ២ដើម្បីធ្វើការសាកសួរ។
ក្រោយមកដោយរឿងកើតឡើងនៅទឹកដីខណ្ឌដង្កោសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី២បានប្រគល់ជជនសង្ស័យទៅអោយសមត្ថកិច្ចដង្កោដើម្បីចាត់ការទៅតាមនិតិវិធី៕



អត្ថបទ៖សាវី
