រថយន្តបែនដឹកដីមួយគ្រឿងប្រភេទយីឌុប បើកបរខ្វះការប្រុងប្រយ័ត្ន ឆ្លងផ្លូវដែកមិនមើលឆ្វេងស្តាំ ត្រូវបានរថភ្លើងបើកមកពីក្រោយ បុកវិលមួយជុំកៀរអូសគាបជាប់ទូកុងតៃន័រ សំណាងល្អមិនមានអ្នករងរបួស ខូចខាតរថយន្ត ក្បាលរថភ្លើងខ្ទេចពីមុខ និងកាប៊ីន។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4157 បើកបរដោយបុរសម្នាក់ដែលគេមិនស្គាល់ឈ្មោះ ។ ចំណែករថភ្លើងខ្សែដឹកទំនិញ អូសសណ្តោងទូចំនួន២៧ទូ ផ្ទុកទំនិញ គ្រឿងសំណង់ មកពីក្រុងព្រះសីហនុ ចូលរាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកដីបើកតាមផ្លូវលំស្របផ្លូវដែក ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវដែក តែមិនបានប្រុងប្រយ័ត្ន ឆ្លងមិនទាន់ផុតផង ស្របពេលដែលរថភ្លើងបើកពីត្បូងទៅជើង បុករថយន្តបណ្តាលឲ្យវិលមួយជុំអូសគាបជាប់ទូកុងតៃន័រ ទៅមុខលែងរួច សំណាងល្អគ្មានអ្នករងរបួស ខូចខាតតែរថយន្ត រថភ្លើងខ្ទេចក្បាលផ្នែកខាងមុខ និងខ្ទេចកាប៊ីន ចំហៀងខាងស្តាំ ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា គាត់ពិតជាមិនបានដឹងថា មានរថភ្លើងភ្លើងបើកមកពីក្រោយ ទើបហ៊ានបើកឆ្លងផ្លូវដែក ហើយគាត់ទទួលស្គាល់ថា ចំណុចកើតហេតុ មិនមែនចំណុចដែលថយន្តត្រូវឆ្លងកាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងតំណាងក្រុមហ៊ុនអយស្ម័យយាន ចុះទៅពិនិត្យ រួចប្រគល់រថយន្តនិងអ្នកបើកបររថយន្ត ឲ្យទៅការិយាល័យចរាចរជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ រីឯរថភ្លើងអនុញ្ញាតឲ្យបន្តដំណើរទៅមុខ ៕


