រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន 13 000ដូស នៅព្រឹកថ្ងៃទី07 ខែសីហា ឆ្នាំ2021 នេះ សម្រាប់ចាក់ជូនកងទ័ព និងក្រុមការងារជួរមុខនៅក្នុង ភូមិសាស្ត្រខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសថៃមួយនេះ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ថ្ងៃនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន 13 000ដូស តាមឧទ្ធម្ភាគចក្រ ដើម្បីចាក់ដូសទី3 ឬដូសជំរុញ ដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-19។
ក្រោយទទួលបាននូវវ៉ាក់សាំងនេះហើយ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី03 ឬដូសជំរុញនេះ ជូនដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខនៅថ្ងៃទី08 ខែសីហា ឆ្នាំ2021។
ជាមួយគ្នានេះអភិបាលខេត្តបន្ទាយមានជ័យថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេច ក្នុងការទទួលពលករមកពីប្រទេសថៃវិញ គឺទាំងការបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក និងបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-19 ក្នុងករណីមានវិជ្ជមាន ទៅតាមសេចក្តីណែនាំសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


អត្ថបទ៖ប៉ោយប៉ែត
