ប្រទេសចិនបានដាក់បង្ហាញ រថភ្លើងល្បឿនលឿននៅទីក្រុង ឈីងតាវ (Qingdao) ដែលវាមានល្បឿន៦០០គីឡូម៉ែត្រក្នុង១ម៉ោង។ រថភ្លើងនេះត្រូវបានបង្កើតឡើងដោយសាជីវកម្មផ្លូវដែក Rolling Stock ដែលមានការគ្រប់គ្រងដោយរដ្ឋចិន វាត្រូវបានគេចាត់ទុកថា ជារថភ្លើងលឿនបំផុតរបស់ពិភពលោក។


លោក Liang Jianying ជាអគ្គនាយករង និងជាប្រធានវិស្វករ នៃក្រុមហ៊ុន CRRC Sifang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថាក្រៅពីល្បឿនរបស់វា រថភ្លើងអាចបញ្ចេញកម្រិតបំពុលបរិយាកាសទាប ចំណែការថែរក្សា គឺងាយថែជាងរថភ្លើងល្បឿនលឿនដទៃទៀត។ គំរូរថភ្លើង ប្រូតូថ៉ាយ ដ៏ទំនើបនេះត្រូវបានផ្សព្វផ្សាយដំបូងនៅកំឡុងឆ្នាំ ២០១៩។ នៅឆ្នាំដដែលនោះប្រទេសចិនបានប្រកាសពីផែនការមហិច្ឆត ចង់បង្កើត រង្វង់ដឹកជញ្ជូនត្រឹមតែ ៣ម៉ោង រវាងតំបន់ទីប្រជុំជនធំៗ ក្នុងប្រទេស។ 

ផ្លូវដែកល្បឿនលឿនគឺជាអាទិភាពចម្បងមួយនៅក្នុងប្រទេសចិន ដែលមានគោលបំណងតភ្ជាប់ទីក្រុងធំៗ របស់ខ្លួនតាមរយៈរថភ្លើងដើម្បីកាត់បន្ថយពេលវេលា និងការចំណាយដែលត្រូវការ ដើម្បីធ្វើដំណើរជុំវិញប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោក។

បច្ចុប្បន្នរថភ្លើងល្បឿនលឿនជាមធ្យម នៅប្រទេសចិនអាចរត់បានក្នុងល្បឿនប្រហែល ៣៥០ គីឡូម៉ែត្រក្នុង១ម៉ោង ខណៈយន្តហោះ ហោះហើរក្នុងល្បឿន ៨០០-៩០០ គីឡូម៉ែត្រក្នុង១ម៉ោង។ ប៉ុន្ដែការកង្វះខ្សែបណ្ដាញផ្លូវដែកគឺជាបញ្ហាសម្រាប់ការដឹកជញ្ជូន ព្រោះបច្ចុប្បន្នប្រទេសចិនមានខ្សែផ្លូវដែក Maglev តែ១គត់នៅក្នុងការប្រើប្រាស់វិស័យពាណិជ្ជកម្ម ដោយផ្លូវនេះតភា្ជប់ពីព្រលានយន្ដហោះ Pudong ទីក្រុងសៀងហៃជាមួយស្ថានីយ៍ផ្លូវ Longyan។ 
ទោះជាយ៉ាងណាប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ កំពុងតែព្យាយាមសាងសង់ផ្លូវដែកជាច្រើនខ្សែទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូនពីទីក្រុងមួយទៅទីក្រុងមួយទៀតឲ្យកាន់តែឆាប់រហ័ស ជាពិសេសប្រទេសនេះ និងអភិវឌ្ឍន៍ នូវអ្វីដែលជាប្រយោជន៍ បន្ថែមទៀតដើម្បីបង្កើនសក្ដានុពលរបស់ប្រទេសទៅកាន់ពិភពលោក៕


ប្រភព៖ CNN

Share.