ភ្នំពេញ៖ បុរសម្នាក់មានសតិមិនសូវគ្រប់ ដែលគេស្គាល់ថា ជាតារា Tik Tok បានលង់ទឹកស្លាប់នៅស្រះទឹកក្នុងវត្តព្រះបារមីវង្កុដ្ឋបុរី ហើយលិចបាត់ ហើយរកសពឃើញវិញនៅវេលាម៉ោង ៥:៤៥នាទី។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ទី៨ ខែសីហាឆ្នាំ ២០២១ នៅក្នុងវត្តព្រះបារមីវង្កដ្ឋបុរី ដែលស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជន ដែលលង់ទឹកត្រូវបានក្រុមគ្រួសារឱ្យដឹងថា ឈ្មោះ អ៊ុង សុភា ហៅវ៉ិតអាយុ១៧ឆ្នាំ ស្នាក់នៅភូមិស្លើងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ក្មេងប្រុសរូបនោះ បានចុះទឹកថាចាប់ត្រីព្រោះឃើញត្រីច្រើន ខណៈនោះ ក៍បានលង់ហើយលិចបាត់នៅក្នុងទឹកស្រះតែម្តង។ ភ្លាមៗក៍បានទៅប្រាប់ម្តាយបង្កឱ្យមានការភ្ញាក់ផ្អើល។
បើតាមស្រ្តីជាម្តាយ ឈ្មោះ កើត សុភណ្ឌ អាយុ៥៣ឆ្នាំ បានឱ្យដឹងថាកូនរបស់គាត់មានសតិមិនគ្រប់តាំងពីកំណើត កន្លងមកកូនតែងតែដើរលេងក្នុងវត្តនេះមិនដែលចុះលេងទឹកទេទើបតែថ្ងៃនេះចុះលេងទឹកថា រកចាប់ត្រីក៍រអិលលិចបាត់ក្នុងស្រះទឹកដែលមានជម្រៅប្រមាណជាង១០ម៉ែត្រ៕



អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ
