ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោក្របួចចាប់វាយខ្នោះម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយពេលធ្វើសកម្មភាពលួចយកម៉ូតូម៉ាកស៊ុយស៊ុគីនិច មួយគ្រឿងបានសម្រេចខណ:ម្ចាស់ម៉ូតូចាក់សោចតទុកមុខផ្ទះ។

ហេតុការណ៍បង្រ្កាបជនសង្ស័យ ដែលធ្វើសកម្មភាពលួចម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតចណុចផ្លូវជាតិលេខ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះគុយ ចន្ទ័ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៍មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការហើយត្រលប់មកផ្ទះវិញនៅម្តុំស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ពេលនោះរូបគាត់ក៏បានចតម៉ូតូរបស់គាត់ម៉ាក ស៊ុយស៊ុគីនិចមួយគ្រឿង ពណ៍សលាយលឿង ពាក់ផ្លាកលេខភ្នំពេញ 1FZ-8413 ហើយក៏បានចូលទៅហូបបាយថ្ងៃត្រង់ ស្របពេលនោះ ក៏លេចមុខជនសង្ស័យខាងលើបានមកធ្វើសកម្មភាពកាច់ ក ម៉ូតូរបស់គាត់បញ្ឆេះជិះបម្រុង និង គេចខ្លួនខណ:នោះម្ចាស់ម៉ូតូបានឃើញទាន់ក៏បានដេញតាមពីក្រោយហើយស្រែកឆោឡោឲ្យគេជួយពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកកំពឹស កំពុងតែល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋានក៏បានឃើញហេតុការណ៍ ជួយអន្តរាគមន៍ចាប់វាយខ្នោះជនសង្ស័យខាងលើបានម្នាក់បញ្ជូនទៅកាន់ប៉ុស្តិនគរបាលព្រែកកំពឹសរួចហើយក៏បានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ពានថ្មដឹកយកទៅធ្វើការសាកសួរបន្ត ព្រោះរឿងកើតនៅទឹកដីសង្កាត់ស្ពានថ្ម។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចថា «មុនពេលដែលសមត្ថកិច្ចមិនទាន់ចាប់ខ្លួនរូបគេបានគឺពួកគេបានតេទូរស័ព្ទណាត់គ្នាជួបបក្ខពួកនៅឯស្រុកកៀនស្វាយខេត្តកណ្តាល ហើយក៏បានជិះម៉ូតូមួយគ្រឿងឌុបគ្នាដើម្បីដើររកលាភស្វែងរកលួចម៉ូតូប្រជាពលរដ្ឋដែលទុកប្រហែស លុះមកដល់ចំណុចម្តុំផ្សារព្រែកជ្រៃជនសង្ស័យខាងលើបានឲ្យបក្ខពួកម្នាក់ទៀតឈប់ម៉ូតូចាំគេនៅទីនោះខណ:ដែលរូបគេចូលលួចម៉ូតូបានសម្រេចហើយចាំពួកគេតេប្រាប់គ្នាគេដែលនៅចាំឯផ្សារព្រែកជ្រៃ តែសំណាងអាក្រក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច ហើយជនសង្ស័យក៏បានតេប្រាប់បក្ខពួកដែលមកជាមួយគ្នាថារត់ទៅ! ប៉ូលិសចាប់អញ្ញបានហើយ»។

បច្ចប្បន្នជនសង្ស័យ ខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ៖ ភ្នាក់ងាររាជធានីភ្នំពេញ
