Luke Ishikawa Plowden តារាសម្ដែង អ្នកដើរម៉ូដកូនកាត់អាមេរិក-ជប៉ុន បុរសសង្ហាដែលកំពុងតែល្បីល្បាញក្នុងស្រទាប់យុវវ័យព្រោះតែស្នាមញញឹមយ៉ាងសង្ហា ជាពិសេសមុខមាត់ស្អាតទាក់ទាញ ធ្វើឱ្យបេះដូងនារីៗរំជួញញាប់ញ័រតាមរយៈតួអង្គចៅហ្វាយនាយក្នុងរឿង «Oh My boss»។ ប្រិយមិត្តអ្នកទស្សនាប្រាកដជាចង់ដឹងហើយថា បុរសមុខសង្ហាកូនកាត់អាមេរិកម្នាក់នេះមានប្រវត្តិបែបណាខ្លះ?

Luke បច្ចុប្បន្ននេះកំពុងតែល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមព្រោះតែផ្ទៃមុខសង្ហាបែបបុរសអាស៊ី កម្ពស់ខ្ពស់ស្រឡះ ជាពិសេសស្នាមញញឹមដ៏មានមន្តស្នេហ៍បានធ្វើឱ្យនារីជាច្រើនលង់ចិត្ត លង់ស្នេហ៍កម្លោះកូនកាត់រូបនេះស្ទើតែគ្រប់គ្នា ជាពិសេសគឺការសម្ដែងបានយ៉ាងល្អស័ក្តិសម ទោះជាមានបទពិសោធសម្ដែងនៅខ្ចីញ៉េញក្ដី។
ប្រវត្តិសង្ខេប Luke Ishikawa Plowden កើតនៅថ្ងៃទី១៣ ខែកញ្ញា ១៩៩៥ បច្ចុប្បន្នមានអាយុ២៥ឆ្នាំ ជាអ្នកបង្ហាញម៉ូដសញ្ជាតិអាមេរិក-ជប៉ុន មានកម្ពស់១.៨៤CM ទម្ងន់សរុប ៧៥KG ជាអ្នកបង្ហាញស្ថិតក្រោមក្រុមហ៊ុន Agency Area Management ប្រទេសថៃ និងស្ថិតក្រោមការគ្រប់គ្រងរបស់ Ryu Models ប្រទេសញូវហ្សេឡែន។

ងាកមកវិញមិនមែនមានត្រឹមតែមុខមាត់សង្ហាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែនិស្ស័យផ្ទាល់ខ្លួនក៏ចេះឱនលំទោន រួសរាយ រាក់ទាក់ ជាពិសេសការសិក្សាវិញក៏មិនធម្មតាដែរ ព្រោះជានិស្សិតផ្នែក Marketing សិក្សាក្នុងមហាវិទ្យាល័យ The George Washington University ប្រទេសអាមេរិក ព្រមទាំងមានតំណែងជាគណកម្មការនិស្សិតតាមរយៈការបោះឆ្នោតក្នុងមហាវិទ្យាល័យ មិនអស់ត្រឹមនេះ Luke ក៏មានសមត្ថភាពផ្នែកកីឡា ជាប្រធានក្រុម Tennis ជាប្រធានក្រុមក្នុងការប្រឡងជជែកដេញដោល និងជាប្រធានសមាគមសិស្ស-និស្សិតសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន អាចសរុបបានថាមានចរិតជាមេដឹកនាំពេញខ្លួន។

ចំពោះសមិទ្ធិផលការងារភាគច្រើនមាននៅក្នុងប្រទេសថៃដោយសារតែពេលផ្លាស់ប្ដូរពី ញូវហ្សេឡែន មកធ្វើការងារប្រចាំនៅក្នុងប្រទេសថៃ ដំបូងឡើយមុនចាប់អាជីពសម្ដែង Luke គឺជាអ្នកបង្ហាញម៉ូដទាំងក្នុងប្រទេសថៃ និងបរទេស ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ Luke បានចុះកុងត្រាជាតារាស្ថិតក្នុងផលិតកម្ម GMMTV ដោយមានសមិទ្ធផលសម្ដែងមួយចំនួនបានបញ្ចាំងឱ្យអ្នកទស្សនាបានឃើញទឹកដៃសម្ដែងរបស់បុរសសង្ហារូបនេះខ្លះៗហើយដូចជា «Wake Up ชะนี Very Complicated» និងរឿងចុងក្រោយដែលធ្វើឱ្យបុរសវ័យក្មេងនេះល្បីល្បាញនិងឆក់បានបេះដូងអ្នកទស្សនាជានារីៗនោះគឺភាពយន្តភាគជាស៊េរីស្នេហាចៅហ្វាយរូបសង្ហានិងលេខាកំពូលស្នេហ៍ ជារឿងបែបខ្យូតៗមានចំណងជើងថា «Oh My Boss»៕
ចង់ដឹងថាបុរសកូនកាត់អាមេរិក-ជប៉ុនរូបនេះសង្ហាខ្លាំងប៉ុណ្ណាតាមដាន IG របស់ Luke ខាងក្រោម ៖

