សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែងភ្លៀង៥នាក់ រួមទាំងវត្ថុតាងរថយន្ត ៣គ្រឿងអនុវត្តតាមច្បាប់នៅរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០២១នេះ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការណែនាំដោយលោក ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលជំរុញលើការងារពង្រឹងបទល្មើស ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ និងក្រោមការសម្របសម្រួលពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិត ស្រាល បានចុះដឹកនាំ កម្លាំង អន្តរាគមន៍ បង្ការ បង្ក្រាបសហការ ណ៍ជាមួយ កម្លាំង អធិការ ដ្ឋាន នគរ បាល ក្រុង បាត់ដំបង បានបង្ក្រាបទីតាំងប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុង ២កន្លែងដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់លួចលាក់លេងល្បែងស៊ីសង ក៏ដូចជាការទប់ស្កាប់រាល់ការប្រមូលផ្តុំគ្នាច្រើនផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។
ប្រតិបត្តិការបំបែកក្រុមមនុស្សលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះធ្វើឡើងចំនួន ០២ទីតាំងនៅត្រង់ចំណុចភូមិអញ្ចាញ សង្កាត់ អូរចារ និងក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង។ ក្នុងនោះសមត្ថកិច្ចបាននាំខ្លួនក្រុមអ្នកញៀនលេងផ្ទាល់ចំនួន ០៥នាក់រួមទាំងរថយន្ត ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង បានឲ្យដឹងថា÷ ករណីខាងលើនេះសមត្ថកិច្ចតែងតែចុះបង្រ្កាបជាបន្តបន្ទាប់ ថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងនោះបញ្ជូន ទៅកាន់សាលាដំបូងទៀតផង ដើម្បីអនុវត្តតាមច្បាប់ ប៉ុន្តែពួកគេនៅតែមិនបោះបង់ បែរជាបំបែកគ្នាជាក្រុម តូចៗនៅតាមទីវាលស្រែឆ្ងាយៗមើលផ្ទៃមេឃរួចភ្នាល់គ្នាដាក់លុយតែម្តង។
មនុស្សទាំង ០៥នាក់ព្រមទាំងសម្ភារៈវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕



អត្ថបទ៖ដំបងក្រញូង
