សត្វផ្សោតរស់នៅតំបន់អភិរក្ស  (អន្លង់ឈើទាល ) ឃុំព្រះរំកិល នៅសល់តែមួយក្បាលតែប៉ុណ្ណោះ ។មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានណែនាំឱ្យប្រជាសហគមន៍រមណីយដ្ឋានទេសចរណ៏ផ្សោតព្រះរំកិលនេះបង្កើនកិច្ចសហការរួមគ្នាធ្វើការអភិរក្សទុកបំរើឱ្យវិស័យទេសចរណ៍។

ក្នុងឱកាសចុះពិនិត្យឆ្អឹងសំណាកសត្វផ្សោតនៅឃុំព្រះរំកិលខេត្តស្ទឹងត្រែងថ្ងៃទី០៧សីហានេះលោកអ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានស្នើឱ្យមន្ត្រីជំនាញខណ្ឌជលផលខេត្ត និងអង្គការ(WWF )ជួយរិះរកយន្តការការពារ សត្វផ្សោតបន្ថែម     ព្រោះបច្ចុប្បន្នមានអ្នកនេសាទឡាវចេះតែមក(ដាក់មង- ចងសន្ទូច)ក្នុងអន្លង់អភិរក្ស និងមានទូកបើកបំពងសម្លេងខ្លាំងៗឆ្លងកាត់តាមតំបន់សត្វផ្សោតរស់នៅ។

លោកបន្តថា៖រមណីយដ្ឋានទេសចរណ៍មួយនេះប្រសិនបើបាត់បង់សត្វផ្សោតទាំងស្រុងនោះ   អាចនឹងបាត់បង់ភ្ញៀវទេសចរដែរ   ព្រោះកន្លងមកភ្ញៀវភាគច្រើនមកទស្សនាចង់ឃើញសត្វផ្សោតមេគង្គតែប៉ុណ្ណោះ។

លោក   ផយវណ្ណា អ្នករៀបចំសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ បានអះអាងថា ៖ ប្រជាសហគមន៍បានប្រឹងប្រែងអភិរក្សហើយ  តែប៉ែកភាគីឡាវ ចេះតែយក (មង ឬសន្ទូច) មកដាក់យកត្រី នៅជិតតំបន់អភិរក្សសត្វផ្សោតយើងនេះ   ដែលបង្កផលប៉ះពាល់ដល់សត្វផ្សោតហែលប្រដេញចាប់ត្រីជាអាហារ ។      

លោកបន្តថា៖សមាជិកសហគមន៍កំពុងរិះរកយន្តការដោះស្រាយរួមគ្នា      ដើម្បីបញ្ជៀសកុំឱ្យសត្វផ្សោតដ៏កម្រនេះបាត់បង់តទៅ ទៀត ព្រោះបច្ចុប្បន្ននៅសល់តែ១ក្បាលតែប៉ុណ្ណោះ ព្រោះកាលពីដើមឆ្នាំ២០២១កន្លងមកនេះបានងាប់ចំនួន២ក្បាលទៅហើយ។

តំបន់ទេសចរណ៍ធម្មជាតិសត្វផ្សោត    អន្លង់ឈើទាលព្រះរំកិល នេះ   បានបើកដំណើរការជូនភ្ញៀវទស្សានាជាង១០ ឆ្នាំមកហើយ។ក្រៅពីនេះខេត្តស្ទឹងត្រែងនៅមានតំបន់ទេសចរណ៍ធម្មជាតិដែលមានផ្សោតចំនួន៣កន្លែងទៀត   ដូចជា -អន្លង់ផ្សោត ត្បូងខ្លា -កោះកាំងកូនចាប  -និងកោះសន្ទក់ -ពុំទាន់រៀបចំជារមណីយដ្ឋាននៅឡើយទេ៕

អត្ថបទ៖វិមានមាសឥសាន្តស្ទឹងត្រែង

Share.