បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ជា ដូសទី៣ ឬដូសជំរុញ ដល់មន្រ្តីជួរមុខ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់នោះ មានបុគ្គលមួយចំនួន ដែលបានចាក់វ៉ាក់សាំង Astra Zeneca ចំនួន ២ដូសហើយនោះ បានស្នើសុំចាក់វ៉ាក់សាំងនេះជាដូសទី៣ ថែមទៀតដែរ។
ឆ្លើយតបទៅនឹងសំណើនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ តាមរយៈសារជាសំឡេងនៅថ្ងៃទី៩ ខែសីហាថា អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ហើយបែរជា មកស្នើសុំចាក់ Astra Zeneca គឺយើងមិន ផ្តល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខនៅតាម បណ្តាខេត្តចំនួន៧ និងកំពុងបែងចែកទៅបណ្តាខេត្តដទៃទៀត និងកីឡាករ ដែលត្រៀមប្រកួតស៊ីហ្គេមតែប៉ុណ្ណោះ។
ជាមួយគ្នានេះសម្តេច បានពន្យល់ថា រហូតមកដល់ពេលនេះពុំទាន់មានការសិក្សាអំពីគម្លាតនៃការចាក់វ៉ាក់សាំង ប្រភេទអាស្ត្រាហ្សេនេកាដូសទី១ ដូសទី២និងដូសទី៣នោះឡើយគឺ រាជរដ្ឋាភិបាល បានសិក្សាតែពីគម្លាតរបស់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់តែប៉ុណ្ណោះ។ម្យ៉ាងទៀតសម្តេចថា យើងមិនមានវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនេកាគ្រប់គ្រាន់សម្រាប់ចាក់ជូនទៅតាម ការស្នើសុំនោះឡើយ។
សម្តេចបានសុំឲ្យមានការយោគយល់នូវការលំបាកដែលយើងទាំងអស់គ្នាកំពុងឆ្លងកាត់នាពេលនេះ៕




