រថយន្តដឹកឥដ្ឋមួយគ្រឿង បើកគេចពីរថយន្តបែនដឹកដី ជ្រុលចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងប្រឡាយទឹកស្អុយ ចាក់ឥដ្ឋចោលអស់ចូលក្នុងប្រឡាយ សំណាងល្អអ្នកជិះ៣នាក់ពុំមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នៅតាមផ្លូវលំមាត់ប្រឡាយក្នុងភូមិព្រៃសាលាសង្កាត់កាកាប២ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ធ្លាក់ប្រឡាយនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B- 6458 ដឹកឥដ្ឋ ជិះគ្នា៣នាក់ ពុំមានរងរបួសឡើយ ។

តាមសម្តីកម្មកររថយន្តដឹកឥដ្ឋ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកឥដ្ឋចេញពីឡនៅ      ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីយកទៅដាក់ឲ្យម៉ូយនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យបើកកាត់តាមផ្លូវលំមាត់ប្រឡាយខាងលើ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ គេចពីរថយន្តបែនដឹកដី បើកច្រាសទិសបួងចង្កូតជ្រុល ធ្លាក់ផ្លូវ ក្រឡាប់ រងការ   ខូចខាតបែកកញ្ចក់មុខខ្ទេច ។

ក្រោយកើតហេតុ ដោយសាររថយន្តជួបគ្រោះថ្នាក់ដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ ហើយក៏ពុំមានអ្នកណារងរបួសដែរនោះ ម្ចាស់ហៅរថយន្តបានស្ទូចទៅលើករថយន្តចេញពីប្រឡាយយកទៅជួសជុលដោយខ្លួនឯង៕

Share.