យុវជនម្នាក់ប្រតិកម្មថ្នាំញៀនខ្លាំងរវើរវាយដោយចោទម្តាយថាជាអាបរួចទាញព្រួញច្នៃផ្ជង់បាញ់បណ្តាលឲ្យស្លាប់នៅលើផ្ទះបង្កការភ្ញាក់ផ្អើលទាំងយប់ កាលពីថ្ងៃទី០៨ កក្កដា ខែសីហា ២០២១ នៅត្រង់ចំណុចកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនបង្កមានឈ្មោះ ឈឿម សំណាង ភេទប្រុស អាយុ ២៦ឆ្នាំត្រូវជាកូនបង្កើតរបស់ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀនបែកខ្លាំង រស់នៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នាខាងលើ ចំណែកជនរងគ្រោះស្លាប់យ៉ាងសង្វេគត្រូវជាម្តាយឈ្មោះធីវ មុនី ភេទស្រី អាយុ ៦២ឆ្នាំ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង បន្តថា÷ នៅយប់កើតហេតុខណៈបុរសជាប្តីរបស់ជនរងគ្រោះមានរវល់ចេញក្រៅផ្ទះ ហើយប្រពន្ធបានសម្រាកនៅលើផ្ទះជាមួយនឹងចៅ ស្រាប់តែនៅអំឡុងម៉ោង ១១:០០នាទីយប់ជិតរំលងអាធ្រាតជនសង្ស័យជាកូនបានត្រឡប់មកពីដើរលេងវិញ ក៏ឡើងទៅលើផ្ទះហើយគោះឲ្យម្តាយបើកទ្វាឲ្យ ភ្លាមៗស្ត្រីជនរងគ្រោះមិនចាប់អារម្មណ៍បានបើកទ្វាឲ្យកូន ភ្លាមនោះកូនតិរិច្ឆានខាងលើបានយកព្រួញច្នៃផ្ជង់ទៅលើដើមទ្រូងស្ត្រីជាម្តាយរួចបានបាញ់តែម្តងធ្វើឲ្យជនរងគ្រោះដួលស្លាប់នៅហ្នឹងកន្លែងមុខទ្វារ រួចរត់គេចខ្លួនបាត់ ទីបំផុតនគរបាលជំនាញបានចុះស្រាវជ្រាវតាមឃាត់ខ្លួនជនបង្កបានទាំងយប់ រួមជាមួយវត្ថុតាងព្រួញច្នៃបាញ់គ្រាប់ដែក ១ដើមផងដែរ។

នៅចំពោះមុខសមត្ថកិច្ចកូនតិរិច្ឆានរូបនេះបានសារភាពថា មូលហេតុដែលខ្លួនបានបាញ់សម្លាប់ម្តាយបែបនេះដោយសារ ម្តាយរបស់ខ្លួនជាស្ត្រីអាបមិនអាចរស់នៅជាមួយមនុស្សបានទេ ទើបខ្លួនសម្រេចចិត្តបាញ់សម្លាប់ចោល។ ជនសង្ស័យ ជាមួយវត្ថុតាងនៅល្ងាចថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១នេះត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តនីតិវិធីបន្ត៕


អត្ថបទ៖ ដំបងក្រញូង
