ភ្នំពេញ៖ បន្ទាប់ពីលោក ញឹម គឹមញ៉ុល អតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ បានផ្ញើលិខិតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណកប្សកាន់អំណាច គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានបង្ហោះសារដោយស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ញឹម គឹមញ៉ុល ។

លោក ញឹម គឹមញ៉ុល។

លោក ញឹម គឹមញ៉ុល បានអត្ថាធិប្បាយក្នុងឃ្លីបវីដេអូរយៈពេលប្រហែលមួយនាទីកន្លះ ដោយបានរៀបរាប់ពីស្នាដៃនៃការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ដែលដឹកនាំនាវាកម្ពុជាជួបសុខសន្តិភាព ប្រជាជនមានជីវភាពរស់នៅក្នុងភាព សុខដុមរមនា និងប្រទេសជាតិ ទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាងនេះទៀតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិរូបនេះក៏បាន បន្តលើកឡើងពីវឌ្ឍនភាពដែលប្រសូតចេញពីការប្រឹងប្រែងរបស់សម្តេច ហ៊ុន​ សែន ដែលមានដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកែប្រែមុខមាត់ថ្មី មានកេរ្តិ៍ឈ្មោះល្បីសាយរន្ទឺនៅក្នុងតំបន់ និងនៅលើពិភពលោក តាមរយៈការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាបនាធ្វើជាម្ចាស់ផ្ទះ។

អ្វីដែល លោក ញឹម គឹមញ៉ុល មិនអាចបំភ្លេចបាននោះ គឺគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងការស្វះស្វែងរកសន្តិភាព ដោយបានបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរនៅកម្ពុជា ក្រោមគោលមាគ៌ានយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលប្រជាជនកម្ពុជាគ្រប់រូបប្រាថ្នាចង់បាន និងត្រូវចងចាំ ទុកជាប្រវត្តិសាស្ត្រ។

សូមរំលឹកថា សម្តេច ហ៊ុន សែន កាលនៅកាន់អំណាចជានាយករដ្ឋមន្រ្តីសម្តេចធ្លាប់បានបដិសេធការស្នើសុំរបស់លោក ញឹម គឹមញ៉ុល ដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដ្បិតកាលណ្ណោះ អតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិរូបនេះ ធ្លាប់សកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចលក្នុងសង្គម ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕

Share.