សិល្បៈជាតិ៖ លឹម តិចម៉េង តារាចម្រៀងយុវវ័យដែលកំពុងតែឡើងប្រជាប្រិយភាពស្រឺតៗ ព្រោះទទួលបានការស្រលាញ់និងនិយមគាំទ្រពីសំណាក់ហ្វេនៗតាំងពីបានឈ្នះពាន Cambodia Idol រដូវកាលទី៤ ក៏ស្ថិតក្នុងចំណោមតារាបុរសដែលនិយមចូលចិត្តសិល្បៈសាក់លើដងខ្លួនមួយរូបផងដែរ។ ថ្វីត្បិតសិល្បៈសាក់លើដងខ្លួនដែលលោកចូលចិត្តនោះបែរជាទទួលរងនូវការជេរប្រមាថ តារារូបនេះបានចេញមកបញ្ជាក់ថាខ្លួនមិនអន់ចិត្តនោះឡើយ ប៉ុន្តែលោកអន់ចិត្តដែលមនុស្សខ្លះបានលើកឡើងថាមនុស្សដែលជាប់នៅស្បែករបស់ខ្លួនអត់ប្រយោជន៍។
កាលពីពេលថ្មីៗនេះអាយដលកំលោះតូច បានចេញមកបង្ហោះសារចែករំលែករឿងរ៉ាវក្រំទ្រូងរបស់ខ្លួនដែលត្រូវមនុស្សមួយចំនួនបានប្រើភាសាជេរប្រមាថ ជាពិសេសគឺការមិនឱ្យតម្លៃរូបភាពព្រះបាទជ័យវរ្ម័នទី៧ ដែលសាក់នៅលើខ្នងរបស់ខ្លួន ព្រោះព្រះអង្គជាបុព្វបុរសខ្មែរ ដែលកូនចៅជំនាន់ក្រោយគួរគោរពបូជានិងដឹងគុណចំពោះវីរភាពដ៏អង់អាចរបស់ព្រះអង្គដែលលះបង់គ្រប់សព្វបែបយ៉ាង ធ្វើឱ្យអាណាចក្រខ្មែរជាសម័យមហានគរមានភាពរុងរឿងនិងចម្រុងចម្រើនគ្រប់វិស័យ។

នៅក្នុងសំណេររបស់ លឹម តិចម៉េង លោកបានរៀបរាប់ថា៖ «ខ្ញុំមិនអន់ចិត្តដែលមានគេ ខលមកជេរ ឆាតមកជេរ មើលងាយមិនឱ្យតម្លៃដោយសារតែស្នាមសាក់មួយនេះឡើយ តែខ្ញុំអន់ចិត្តដែលមានបងប្អូនខ្លះនិយាយថាមនុស្សដែលជាប់លើស្បែកខ្ញុំនេះអត់ប្រយោជន៍ តើអ្នកមើលមិនស្គាល់ ឬមើលមិនយល់? ខ្ញុំសូមជម្រាបថារូបមនុស្សដែលជាប់នៅលើស្បែកខ្ញុំនេះគឺ ព្រះបាទជ័យវរ្ម័នទី៧។» ព្រមទាំងមានជាមួយនឹង Hashtag មិនឱ្យតម្លៃពួកគាត់ដោយសារឱ្យតម្លៃជាខ្មែរ។
គួរដឹងថា តារាចម្រៀងក្នុងផលិតកម្មចម្រៀងហង្សមាស-រស្មីហង្សមាស លឹម តិចម៉េង ថ្វីត្បិតតែជាតារាចម្រៀងយុវវ័យសម័យថ្មីដែលទើបតែប្រឡូកក្នុងរង្វង់សិល្បៈមិនយូរប៉ុន្មានតែ លោកជាតារាចម្រៀងក្មេងជំនាន់ក្រោយម្នាក់ ដែលមានស្មារតីនិងឆន្ទៈ ស្នេហាជាតិ និងសង្គម ព្រោះកន្លងមកលោកបានប្រកាសដាច់អហង្ការមិនទទួល
ផ្សព្វផ្សាយ ស្រា បារី ឬ ល្បែង និយាយរួមអ្វីដែលពាក្យថាជាអបាយមុខ។ ប៉ុន្តែបើជាកិច្ចការងារជួយសង្គម និងផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងអរិយធម៌ខ្មែរ ទោះមិនបានតម្លៃខ្លួន ក៏លោកស្ម័គ្រចិត្តជួយដោយមិនខ្លាចនឿយហត់៕

