ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុង ដាសេ១១០ជិះលឿនឆ្លងផ្លូវទៅបុកជាមួយម៉ូតូស្កុបពី ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៦ ព្រលប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូម៨វត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AD-2268 ជិះគ្នា២នាក់ បើកដោយឈ្មោះ ស៊ឹង សឿង ភេទប្រុស អាយុ៦៦ឆ្នាំ ឌុបប្រពន្ធឈ្មោះ សោម ស៊ីណាត អាយុ៥៦ឆ្នាំ មានទីលំនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកភាគី ម៉ូតូម៉ាកហុងដា សេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-2160 ជិះដោយបុរសម្នាក់ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាសេ ១១០ ជិះលឿនតាមផ្លូវ ៤២ ពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៣ ជ្រុលទៅបុកម៉ូតូស្កុបពី ដែលជិះ២នាក់យាយតា ពីជើងទៅត្បូង បណ្តាលឱ្យយាយតារងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុជនរងគ្រោះ២នាក់យាយ តា ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕
