ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកមនុស្ស ៤នាក់ទៀត របួសធ្ងន់២នាក់ក្នុងនោះមានក្មេងស្រីអាយុ៤ឆ្នាំម្នាក់ របួសស្រាល២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូMX KING ជិះគ្នា៣នាក់បើកលឿនជ្រុលទៅបុកម៉ូតូធូដេ ជិះដោយស្ត្រី ២នាក់ម្តាយកូន កំពុងឆ្លងផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៣៨ ក្បែរវិទ្យាល័យសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះស្លាប់ក្នុងករណីខាងលើ មានឈ្មោះ ថាត់ទ្រី ហុងញ៉ា អាយុ៤៨ឆ្នាំ មុខរបរលក់នំបញ្ចុកស្រុះ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុម៉ូតូ MX KING ពណ៌ ខ្មៅ  ពាក់ស្លាកលេខ  សៀមរាប 1AP-3628 ជិះបុរស៣នាក់ឌុបគ្នាល្បឿនលឿនតាមបណ្តោយផ្លូវម៉ៅសេទុង ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយម៉ូតូ ពណ៌ទឹកប្រាក់ ពាក់ ស្លាក លេខ  ភ្នំពេញ 1BN-7087 ជិះដោយស្ត្រី២នាក់ម្តាយកូន តាមផ្លូវ១៣៨ ឆ្លងផ្លូវម៉ៅសេទុងពីលិចទៅកើត ផ្លោងខ្ទាតផ្ទប់ទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ម្តាយ របួសធ្ងន់កូនស្រី ចំណែកម៉ូតូម្ខាងទៀតរបួសធ្ងន់ម្នាក់ បាក់ភ្លៅឆ្វេង របួសស្រាល២នាក់ ។

ក្រោយកើតហេតុ ក្មេងស្រីម្នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ចំណែកជនរងគ្រោះម្នាក់បាក់ភ្លៅត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ សពស្ត្រីរងគ្រោះ ក្រោយសមត្ថកិច្ចពិនិត្យស្លាកស្នាមរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំង២គ្រឿង បនរគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.