
ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ នឹងត្រូវធ្វើដំណើរទៅកាន់ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដើម្បីជួបខេត្តបន្ទាយមានជ័យ ជើងទី២ ដែលត្រូវឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ)។
ខណ:ជំនួបរវាងក្រុមទាំង២ ក្រុមណាទទួលបានជ័យជម្នះសរុបទាំង ២ជើង នឹងត្រូវាឡើងទៅជួបក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសមាជិកលីគកំពូលកម្ពុជា នៅវគ្គ ១៦ក្រុម។ ចាប់ផ្ដើមវគ្គជម្រុះជើងទី១ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយក្លិបបាល់ទាត់សន្តិភាព ខេត្តកមពង់ធំ បានបរាជ័យក្នុងជំនួបប៉ះខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន កំពង់ធំ។

រំលឹកថា សម្រាប់បេក្ខភាពប្រកួតវគ្គជម្រុះថ្នាក់ជាតិនេះដែរ គឺមាន ១៧ក្រុម ក្នុងនោះមានក្រុមមកពីលីគកំពូលកម្ពុជា ១០ក្រុម ក្រុមលីគទី២ ចំនួន ៣ក្រុម និង ៤ក្រុមទៀត គឺជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ត្រូវធ្វើការប្រកួត ២ជើង ដើម្បីកំណត់ក្រុមឈ្នះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ។
ក្នុងនោះបេក្ខភាពក្រុមលីគទី២ រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។ រីឯបេក្ខភាព ៤ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, ខេត្តបន្ទាយមានជ័យ និងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ។
គួបញ្ជាក់ថា ក្រោយរកឃើញក្រុមខេត្តកំពង់ធំ ឬខេត្តបន្ទាយមានជ័យ ឡើងទៅជួបព្រះខ័នរាជស្វាយរៀង ការប្រកួតវគ្គ ១៦ក្រុម ដោយជើងទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ជើងទី២ ធ្វើឡើងនៅថ្ងៃទី២៤ ខែមករា និងវគ្គពាលកណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែមករា ខណ:វគ្គផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤៕




