ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានគេចាក់ចំកញ្ចឹងក នាថ្ងៃអង្គារ នេះ ខណៈកំពុងផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីក្រុងកំពង់ផែ Busan ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

លោក Lee ត្រូវបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ចាក់ ខណៈកំពុងធ្វើដំណើរទៅមើលទីតាំងនៃព្រលានយន្តហោះថ្មីមួយកន្លែនៅទីក្រុងប៊ូសាន ពេលដែលបុរសម្នាក់នោះបានច្រានគាត់ ហើយចាក់គាត់ចំកញ្ចឹងក។

សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ជនវាយប្រហានោះត្រូវបានបង្ក្រាប និងចាប់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។

យោងតាមរូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងទប់ ក របស់លោក ហើយបានបញ្ជូនលោកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ លោក Lee បាន​ចាញ់​លោក Yoon Suk Yeol មកពីគណបក្សអភិរក្សនិយម​ក្នុង​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ ដ៏តឹងតែង​កាលពី​ឆ្នាំមុន។

លោក Lee ធ្លាប់រងនូវការ​ចោទប្រកាន់ពីបទអំពើពុករលួយ និងបានគេចផុតពីការចាប់ខ្លួនកាលពីខែកញ្ញា នៅពេលដែលតុលាការបានច្រានចោលសំណើរបស់អយ្យការ ដើម្បីឲ្យលោក រង់ចាំការកាត់ក្តីលើបទចោទប្រកាន់ពុករលួយផ្សេងៗ។ យ៉ាងណាក៏លោក នៅតែប្រឈមមុខនឹងការកាត់ទោសលើការចោទប្រកាន់ពីបទស៊ីសំណូកពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលត្រូវបានគេសង្ស័យថាបានផ្ទេរប្រាក់ចំនួន ៨លានដុល្លារទៅឱ្យកូរ៉េខាងជើងដោយខុសច្បាប់។

លោក Lee ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរបស់លោក ដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំនួន ២០ពាន់លានវ៉ុន (ស្មើនឹង ១៥លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយទីក្រុង Seongnam ក្នុងអំឡុងពេលរបស់គាត់ជាអភិបាលក្រុងផងដែរ៕

ប្រភព៖ CNA

Share.