ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការខណ្ឌដង្កោបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៧ នាក់ រួមនិងវត្ថុតាងមួយចំនួននាំយកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលកពងទឹក បន្ទាប់ពីក្រុមជនសង្ស័យបានប្រើហិង្សាប្រើកាំបិងប៉័ងតោ ដេញការទៅលើជនរងគ្រោះបណ្ដាលឱ្យរបួសដេរជាង៣០ថ្នេរ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២០នាទី ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឺក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបានទាំង៧នាក់ ទី០១ឈ្មោះ វុធ ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះទីលំនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី០២ឈ្មោះ ជឿន ចាន់ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៣ ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី០៤ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៥ឈ្មោះ ហួយ វណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី០៦ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី០៧ឈ្មោះ មឿន រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រត្តិបត្តិការនេះដែរសម្ថកិច្ច ដកវត្ថុតាងរួមមាន កាំបិងប៉័ងតោចំនួន០១ដើម , កាំបិតកែច្នៃចំនួន០២ដើម, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ1KF-7803 ចំនួន០១គ្រឿង , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JQ-6690 ចំនួន០១គ្រឿង។
ជនរងគ្រោះមានឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង២០នាទី ជនរងគ្រោះ និងមិត្តភក្តិ មានគ្នា០៥នាក់ ជិះម៉ូតូ០៣គ្រឿង ចេញពីភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ខណៈជនរងគ្រោះជិះដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៧នាក់ ជិះម៉ូតូ០២គ្រឿង និងខ្លះទៀតថ្មើរជើង ប្រដាប់ដោយកាបិតប៉័ងតោ ដេញកាប់និងគប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យត្រូវខ្នងរបួសត្រង់ខ្នងចំហៀងខាងស្ដាំ រួចក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃ ដេររបួសចំនួន៣២ថ្នេរ នឹងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឺក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ។ លុះរដល់វេលាម៉ោង០៤ និង២០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាចំនួន០៧នាក់ រួមនិងវត្ថុតាងមួយចំនួន នៅត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលពងទឹក។

តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំង៧នាក់ ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោដេញកាប់ និងគប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារពួកខ្លួនខឹងជនរងគ្រោះ ជិះម៉ូតូមើលមុខឌឺដងពួកគេ ។បច្ចុប្បន្នក្រុមជនសង្ស័យទាំង៧នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សេង សាវី

