ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បាននិយាយថា រលកយក្សស៊ូណាមិ ដែលមានកម្ពស់ទាបជាងមួយម៉ែត្រ បានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរញ្ជួយដីដ៏ធំ ដែលបានវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ដើមឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CTV News នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិដំបូងដែលឈានដល់ឆ្នេរសមុទ្រកូរ៉េខាងត្បូង គឺមានកម្ពស់ ៦៧សង់ទីម៉ែត្រ ប៉ុន្តែវាអាចកើនឡើងនៅក្នុងទំហំធំជាងនេះ បន្ទាប់ពីមានរលកដំបូង ហើយអាចបន្តលើសពី ២៤ម៉ោង។

ដោយឡែក កូរ៉េខាងជើងក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់ឆ្នេរសមុទ្ររបស់ខ្លួនដែរ ដោយអាចមានរលកលើសពី២ម៉ែត្រ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ដោយដកស្រង់វិទ្យុរដ្ឋកូរ៉េខាងជើង។

បើតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឱ្យដឹងថា ខេត្ត Gangwon របស់កូរ៉េខាងត្បូង បានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន និងជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់។

ខេត្តឆ្នេរខាងកើតនេះ បានប្រាប់អ្នកស្រុកនៅក្នុងសារប្រកាសអាសន្នឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រហើយជម្លៀសទៅដីទួលខ្ពស់ ទន្ទឹមនោះក្រសួង​កូរ៉េខាងត្បូងបាន​ឲ្យ​ដឹង​ថា ទីក្រុង​សំឈូគ (Samcheok) ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ទី​ទៅ​កាន់​តំបន់​ខ្ពស់​ជាង​អគារ​បី​ជាន់ ដើម្បីសុវត្ថិភាពផងដែរ៕

ប្រភព៖ CTV News

Share.