ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលកម្មករសមត្ថកិច្ចមូលដ្ឋាន រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១២នឹង២០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ ត្រាវីស ហ្គាម៉ិន (ខេមបូឌា) ឯ.ក នៅផ្លូវបេតុង ភូមិតាឡី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា សំណង់អាគារខាងលើ ធ្វើពីថ្មប្រក់ស័ង្កសី មានទំហំ៧០x៣០ម៉ែត្រ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យនេះ គឺបណ្តាលមកពីផ្ទុះឡចំហាយខ្យល់​ ទើបឆេះរាលក្នុងរោងចក្រ ឆាបឆេះ សម្ភារៈ ម៉ូតូ៣២គ្រឿង និងកង់០២គ្រឿង ដែរជារបស់កម្មករ។

សមត្ថកិច្ចបន្តថា ម្ចាស់រោងច្រក្ខាងលើ មានឈ្មោះ ឈិន ឆាន់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជាជនជាតិចិន មុខរបរ ម្ចាស់រោងចក្រ។ ដោយក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៦គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣០ម៉ែត្រគូប ទើបអាចគ្រប់គ្រង់ភ្លើងបាននៅម៉ោង ១២:៥៥នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបង្កឱ្យមានអ្នកស្លា.ប់ឬរបួសនោះទេ៕

អត្ថបទ៖ សេង សាវី

Share.