ភ្នំពេញ៖ ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មានលើទំព័រហ្វេសប៊ុកគណនីឈ្មោះ ហង្ស សំណាង (Hang Samnang) ដែលបានអត្ថាធិ ប្បាយផ្សព្វផ្សាយក្នុងឃ្លីបវីដេអូរយៈពេលជិត ៨ នាទីបង្ហាញពីភាពមិនប្រក្រតីចំនួន ៣ ចំណុច កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

រូបភាពលោកទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

សម្រាប់ចំណុចទី១ ផេកហ្វេសប៊ុក Hang Samnang បានលើកឡើងថា កាស៊ីណូនៅច្រកក្អមសំណមិនបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងទេ តែមានម៉ូតូផ្លាកលេចកម្ពុជាចូលក្នុងបរិវេណកាស៊ីណូ។ ត្រង់ចំណុចនេះ សេចក្តីបំភ្លឺរបស់ស្នងការខេត្តកណ្តាលបកស្រាយថា ម៉ូតូផ្លាកលេខកម្ពុជានោះជារបស់ពលរដ្ឋខ្មែរមែនតែជាបុគ្គលរបស់កាស៊ីណូតែប៉ុណ្ណោះ។

រីឯចំណុចទី២ ​ផេករបស់ Hang Samnang ​បានលើកឡើងថា មានសមត្ថកិច្ចទៅរត់ម៉ូតូឌុបនៅចំណុចបរិវេ ណកាស៊ីណូខាងលើ។ត្រង់ចំណុចនេះ ស្នងការខេត្តកណ្តាលចាត់ទុកថាជាការលើកឡើងមិនពិត។

ចំណែកចំណុចទី៣ វិញផេកខាងលើចោទថា មានអាជ្ញាធរវៀតណាម មកដាក់កៅអីហូតកាតជាមួយសមត្ថកិច្ចកម្ពុជាជាមួយគ្នានៅត្រង់ច្រកចេញចូលនោះតែម្តង។ ត្រង់ចំណុចនេះដែរ ​ស្នងការនគរបាលខេត្តកណ្តាលបកស្រាយថា ជាព័ត៌មានមិនពិត ហើយបានបរិហារកេរ្តិ៍និងប្រមាថដល់សមត្ថកិច្ច។ មូលហេតុដែលស្នងការខេត្តចាត់ទុកជាការបរិហារកេរ្តិ៍និងប្រមាថ ព្រោះករណីនេះ ស្នងការលើកឡើងថា ជាសកម្មភាពរបស់សមត្ថកិច្ចកំពុងធ្វើការរាល់ថ្ងៃពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ និងឆែកឆេរ ប៉ាស្ព័រប្រជាពលរដ្ឋវៀតណាម ដែលចូលធ្វើការនៅកម្ពុជាតែប៉ុណ្ណោះ។

តាមរយៈសេចក្តីបំភ្លឺខាងលើ ស្នងការនគរបាលខេត្តកណ្តាលចាត់ទុកផេកហ្វេសប៊ុកខាងលើ ថាបានធ្វើការផ្សព្វ ផ្សាយមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម បំភ្លៃការពិតដោយបានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ករណីនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ចាត់វិធានការ និងជួយស្វែងរកមុខផេកហ្វេសប៊ុកឈ្មោះ ហង្ស សំណាង (Hang Samnang) ដើម្បី ផ្តន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់។

ទាក់ទងរឿងនេះ ទំព័រហ្វេសប៊ុកគណនីឈ្មោះ ហង្ស សំណាង (Hang Samnang)នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤នេះ ពុំទាន់មានប្រតិកម្មសុំទោសអ្វីនោះទេ និងថែមទាំងបង្ហោះសារបែបស្វាគមន៍បើសិនមានចំណាត់ការមកលើខ្លួនមែននោះ៕

Share.