ទូរទស្សន៍ NHK បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៨នាក់ត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិតនៅក្នុងខេត្ត Ishikawa បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានវាយប្រហារតំបន់នេះនៅកណ្តាលប្រទេសជប៉ុន និងតំបន់ជុំវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា រដ្ឋាភិបាលជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារមួយចំនួនទៅកាន់តំបន់ដែលរងផលប៉ះពាល់រួចហើយ ហើយនឹងបន្តផ្តល់ជំនួយដល់ប្រជាជនរងផលប៉ះពាល់។

ការរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់ ដែលមានកម្រិតបឋមដល់ទៅ ៧.៦រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ នេះ នៅជម្រៅរាក់នៅលើឧបទ្វីប Noto ក្នុងខេត្ត Ishikawa។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានដាក់ឈ្មោះវាជាផ្លូវការថា គ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ឆ្នាំ២០២៤។

សូមជម្រាបថា ចាប់តាំងពីថ្ងៃចន្ទ ដើមឆ្នាំមក ប្រទេសជប៉ុនបានរងគ្រោះដោយការរញ្ជួយដីចំនួន ១៥៥លើក ថ្វីត្បិតពេលនេះមានសញ្ញានៃការថមថយពិតមែន ប៉ុន្ដែអត្រាបង្កគ្រោះថ្នាក់នៅតែអាចកើតមាន៕

