ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានស្រី១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែន័យ កម្លាំងប៉ុស្តិ៍រ្ឋបាល ស្រាវជ្រាវតាមចាប់ខ្លួនបាននៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យ និងបក្ខពួកចំនួន១០នាក់ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងលួចអង្ករអស់១,៥តោន កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅឃ្លាំងស្តុកមួយកន្លែងក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះឈ្មោះ ស ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅក្នុងភូមិកើតហេតុ បានឱ្យដឹងថា នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ មានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពគាស់ទ្វារឃ្លាំងស្តុកអង្ករនៅក្បែរផ្ទះនោះដែរ បាត់បង់អស់១,៥តោន ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ លុះនៅព្រឹកថ្ងៃទី០២នេះ ទើបគាត់បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឱ្យជួយស្រាវជ្រាវ រកជនសង្ស័យ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ កម្លាំងប៉ុស្តិ៍រដ្ឋបាល ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក មន វុធី ដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ភួង បូណា អធិការរងខណ្ឌ លោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅទី៣ បើកការស្រាវជ្រាវ តាមចាប់ខ្លួនបានបន្តបន្ទាប់ចំនួន៦នាក់ ស្រី១នាក់ ដកហូតបានម៉ូតូ សង់កូរ៉េ មួយគ្រឿង រទេះមួយគ្រឿង។ ចំណែកបក្ខពួក៤នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់គេសរុបចំនួន១០នាក់ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំង លួចអង្កររបស់ជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ និងបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត ដែលកំពុងរត់គេចខ្លួន ៕


អត្ថបទ៖ តាតុងសែនជ័យ

