ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០២ ខែមករា ឆ្នា២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) ដែលបានកើតឡើងកាលពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនដល់២៤នាក់ ខណៈអ្នករងរបួសមានជាង៦០នាក់។
បើតាមសស្ថានទូតជប៉ុនប្រចាំកម្ពុជា ខេត្តដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះ រួមមាន Niigata, Toyama, Yamagata, Fukui និង Hyogo ហើយអគារជាង ១០០ខ្នង នៅខេត្តIshikawa ត្រូវបានឆេះ និងអគារជាច្រើនទៀតបានដួលរលំ។


សេចក្តីជូនដំណឹងបន្តថា រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០ គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាពហើយរដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ ដើម្បីទៅជួយសង្គ្រោះ និងបានត្រៀមកងកម្លាំងចំនួន ៨,៥០០នាក់ ផ្សេងទៀតបញ្ជូនបន្ថែម ក្នុងករណីចាំបាច់។
ទាក់ទងពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់មានគ្រោះរញ្ជួយដីនេះ ស្ថានទូតជប៉ុនបានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ស្ថានទូតជប៉ុនសង្កត់ធ្ងន់ថា ក្នុងករណីទទួលព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ សូមជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។
ផ្អែកតាមទិន្នន័យគិតត្រឹមឆ្នាំ ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុនបញ្ជាក់ថា ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់រងគ្រោះខាងលើ
មានចំនួន ១៦២៩នាក់ ស្ថិតក្នុងខេត្ត Ishikawa ខេត្ត Fukui ខេត្ត Nagano ខេត្ត Gifu ខេត្ត Toyama និងខេត្ត Niigata។
ជុំវិញករណីនេះ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះដែរ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានដោយបញ្ជាក់ថា ក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តន៍នៃគ្រោះធម្មជាតិនេះ។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់មានចំនួន១៦០០នាក់ ប៉ុន្តែពួកគេពុំមានរងគ្រោះថ្នាក់អ្វីនោះឡើយ ដ្បិតត្រូវបានជម្លៀសទៅទីតាំងមានសុវត្ថិភាព។

សូមរំលឹកថា កាលពីថ្ងៃទី០១ ខែមករា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦ រ៉ិចទ័របានវាយប្រហារភាគកណ្ដាលនៃប្រទេសជប៉ុន ដោយបានបង្កឱ្យមានមនុស្សស្លាប់ និងរងរបួស ខណៈអគារ ផ្ទះ និងហាងទំនិញមានអាយុជាង ១០០ឆ្នាំជាច្រើនខ្នង ត្រូវបានភ្លើងឆេះបំផ្លាញផងដែរ៕
