ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបមួយគ្រឿងបើកល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកសំរាម រេចង្កូតក្រឡាប់ចូលប្រឡាយទឹក កៀបអ្នកបើកបរជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងមានឈ្មោះ សន សុផានិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាអ្នកបើកបររថយន្តឃ្លុប)។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2515 បើកបរដោយបុរសម្នាក់ ល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1091 ដឹកសំរាម របស់ក្រុមហ៊ុនសារុំ ត្រេឌីង កំពុងបើកស្របទិសគ្នា បណ្តាលឱ្យរេចង្កូតក្រឡាប់ចូលទឹកប្រឡាយ កៀបអ្នកបើកបរក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋយករថយន្តស្ទូចជួយលើកបង្ហើបកាប៊ីន ដើម្បីយកជនរងគ្រោះចេញ សែងដាក់លើគោក។

ជនរងគ្រោះរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកឯរថយន្តទាំង២គ្រឿង ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ធ្វើការវាស់វែងស្ទូចលើយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

