ក្រុម​បាល់ទាត់ខេត្តបន្ទាយមានជ័យ នឹង​ត្រូវ​បើកទ្វាទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដើម្បី​ទទួល​ក្លិប​បាល់ទាត់​សន្តិ​ភាព ខេត្តកំពង់ធំ ក្នុង​ជំនួប​ជើងទី២ នៅ​ថ្ងៃទី៣ ខែមករា នៅម៉ោង ៣:៣០នាទី​រសៀល នៃពានរង្វាន់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ)។

ក្នុង​ជំនួប​នេះ​នឹង​ត្រូវ​កាត់​សេចក្ដី​រវាង​ក្រុម​ទាំង​២ ដើម្បី​ដណ្ដើម​កៅអី​ទៅ​កាន់​វគ្គ​១៦ក្រុម ដោយ​ត្រូវ​ជួប​ជា​មួយ​ក្រុម​មកពីលីគកំពូលកម្ពុជា គឺ​ព្រះខ័នរាជស្វាយរៀង ខណ:​ជំនួបជើង​ទី១ ​កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយ​ក្លិប​បាល់ទាត់​សន្តិ​ភាព ខេត្តកំពង់ធំ បាន​បរាជ័យក្នុង​ជំនួប​ប៉ះខេត្តបន្ទាយមានជ័យ ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន កំពង់ធំ។

ក្រោយ​រកឃើញ​ក្រុម​ខេត្តកំពង់ធំ ឬខេត្តបន្ទាយមានជ័យ ឡើង​ទៅជួប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ការប្រកួត​វគ្គ ១៦ក្រុម​ ដោយ​ជើង​ទី១ ធ្វើ​ឡើង​នៅ​ថ្ងៃទី១០ ខែមករា ជើង​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែមករា និងវគ្គពាលកណ្ដាលផ្ដាច់​ព្រ័ត្រ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៣១ ខែមករា ខណ:​វគ្គផ្ដាច់​ព្រ័ត្រ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

សម្រាប់បេក្ខភាពប្រកួតវគ្គជម្រុះថ្នាក់ជាតិនេះដែរ គឺមាន ១៧ក្រុម ក្នុងនោះមានក្រុម​មក​ពីលីគ​កំពូល​កម្ពុជា ១០ក្រុម ក្រុមលីគទី២ ចំនួន ៣ក្រុម និង ៤ក្រុមទៀត គឺជា​បេក្ខភាព​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់​ខេត្ត ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែ ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ ត្រូវធ្វើការប្រកួត ២ជើង ដើម្បី​កំណត់​ក្រុម​ឈ្នះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ។

ក្នុងនោះបេក្ខភាពក្រុមលីគទី២ រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និង​សមាគម​កីឡា​បាល់​ទាត់ក្រសួងមហាផ្ទៃ​។ រីឯបេក្ខភាព ៤ក្រុមចុងក្រោយ នៃពានសម្ដេច​តេ​ជោ-ថ្នាក់ខេត្ត រួម​មាន​មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ, ខេត្ត​បន្ទាយ​មានជ័យ និងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ៕

Share.