ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលការវេលាម៉ោង៤នឹង១០ល្ងាចថ្ងៃទី០២ខែមករាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ញុឺប សុខា អាយុ២៤ឆ្នាំមុខរបរព្រូឡាន មានស្រុកកំណើត ភូមិរោងចក្រ ឃុំ ចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហើយជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ស៊េរី ២០១៩ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HT-8580 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រទិស ដៅពីកើតមកលិចក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកន្លែងកើតហេតុក៏រ៉េចង្កូតទៅឆ្វេងដៃជ្រុលបុក ខឿន សួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលនឹងផ្លូវស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់សហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេកស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

