ក្រុមអ្នកស៊ើបអង្កេតជប៉ុន កំពុងរៀបចំស៊ើបអង្កេតមូលហេតុនៃការប៉ះទង្គិចគ្នា រវាងយន្តហោះល្បាតតាមឆ្នេរសមុទ្រ និងយន្ដហោះដឹកអ្នកដំណើររបស់ជប៉ុន នៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីឧស្សាហកម្មអាកាសចរណ៍ពិភពលោក បានព្រមានអំពីសុវត្ថិភាពផ្លូវរត់របស់យន្ដហោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

មនុស្ស ៣៧៩នាក់ នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានភៀសខ្លួនចេញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយយន្ដហោះឆ្មាំសមុទ្រ ដែលជាយន្ដហោះដឹកជំនួយដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីកាលពីដើមឆ្នាំ២០២៤នេះ ដោយបានសម្លាប់អាកាសយាវិក ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្តហោះខ្នាតតូចនេះ។

ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត បាននិយាយថា ក្រុមប្រឹក្សាដឹកជញ្ជូនសុវត្ថិភាពរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារនៅក្នុងប្រទេសបារាំង ជាកន្លែងដែលយន្តហោះនេះត្រូវបានសាងសង់ និងភ្នាក់ងារពីចក្រភពអង់គ្លេស ដែលជាកន្លែងផលិតម៉ាស៊ីន Rolls-Royce។

យ៉ាងណាម៉ិញគេរពឹងថា អ្នកស៊ើបអង្កេត នឹងស្វែងយល់ពីការណែនាំដែលត្រូវបានផ្តល់ដោយអ្នកបញ្ជាដល់យន្តហោះទាំង២ រួមជាមួយនឹងការពិនិត្យលម្អិតអំពីប្រព័ន្ធយន្តហោះ និងផ្លូវរត់របស់អាកាសយានដ្ឋាន។ ខណៈកិច្ចការដំបូងមួយក្នុងចំណោមភារកិច្ចផ្សេងៗ ទៀត គឺការសង្គ្រោះឧបករណ៍ថតចម្លងប្រអប់ខ្មៅជាមួយនឹងទិន្នន័យហោះហើរ និងការថតសំឡេងរបស់កាប៊ីនយន្ដហោះ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីក្រសួងបានប្រាប់អ្នកយកព័ត៌មានក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ទី២ ខែមករា នេះថា យន្តហោះ A350 កំពុងព្យាយាមចុះចតជាធម្មតានៅពេលដែលវាបានបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រ ដែលត្រូវបានគេស្គាល់ថាជាយន្ដហោះឆ្មាំសមុទ្រ Bombardier Dash-8 ។

ទោះបីជាយ៉ាងណាក្ដី អ្នកដំណើរលើយន្ដហោះ Japan Airline សរុប ៣៧៩នាក់ និងសមាជិកអាកាសយានិក នៅលើយន្ដហោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកសង្រ្គោះបន្ទាន់ ខណៈយន្ដហោះនេះបានឆេះខ្ទេចគ្មានសល់ ប៉ុន្ដែមានតែអាកាសយានិកចំនួន ៥នាក់ ក្នុងចំណោមមនុស្ស ៦នាក់នៅលើយន្ដហោះឆ្មាំសមុទ្រត្រូវបានបាត់បង់ជីវិត។

សូមជម្រាបថា ត្រឹមតែរយៈពេល ២ថ្ងៃ នៃដើមឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានជួបទុក្ខផ្ទួនៗគ្នា ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារខេត្តមួយចំនួន ហើយបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងបាត់ខ្លួនកើនឡើងជាលំដាប់ បើគិតត្រឹមព្រឹកថ្ងៃពុធ សប្ដាហ៍នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៦២នាក់ហើយ៕

