ក្រុមអ្នកជួយសង្គ្រោះជប៉ុន បានព្យាយាមបន្ដស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធ សប្ដាហ៍នេះ ខណៈអាជ្ញាធរបានព្រមានអំពីការរអិលបាក់ដី និងភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ​ ដើមឆ្នាំ២០២៤នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦២នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ​ ទី៣ ខែមករា ឆ្នាំ២០២៤។

ការរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដែលបានវាយលុកខេត្ត Ishikawa នៅលើកោះ Honshu របស់ប្រទេសជប៉ុន បានបង្កឱ្យមានរលកយក្សស៊ូណាមិ កម្ពស់ជាង១ម៉ែត្រ រួមទាំងបង្កឱ្យមានភ្លើងឆេះ និងដាច់ផ្លូវថ្នល់មួយចំនួនផងដែរ។

ខេត្តមួយចំនួន នៃឧបទ្វីប Noto ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយអគារជាច្រើនរយខ្នងត្រូវបានបំផ្លិចបំផ្លាញដោយភ្លើង និងផ្ទះរយខ្នងបានរលំរាបស្មើនៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុង Wajima និង Suzu ដូចដែលបានបង្ហាញដោយរូបភាពផ្កាយរណបពីសភាពមុន និងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃពុធ។

នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយនាថ្ងៃពុធ នេះថា «រយៈពេលជាង ៤០ម៉ោងបានកន្លងផុតទៅ ចាប់តាំងពីគ្រោះមហន្តរាយនេះបានបង្កឡើង។ យើងបានទទួលព័ត៌មានជាច្រើន អំពីមនុស្សដែលត្រូវការការសង្គ្រោះ ហើយមានមនុស្សកំពុងរង់ចាំជំនួយ»។ លោកបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ យើងសុំឱ្យអ្នកចងចាំថា យើងកំពុងប្រជែងនឹងពេលវេលា ហើយបន្ដប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយសង្រ្គោះជីវិត ដោយជីវិតពលរដ្ឋជប៉ុន្ដជាអាទិភាពរបស់យើង»។

យ៉ាងណាម៉ិញ រដ្ឋាភិបាលក្នុងតំបន់ បានប្រកាសនាថ្ងៃពុធ ថា មនុស្សចំនួន ៦២នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង ៣០០នាក់បានរងរបួស ក្នុងនោះមនុស្ស ២០នាក់រងរបួសធ្ងន់ធ្ងរ យ៉ាងណាក្ដីចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងប្រយុទ្ធនឹងការរញ្ជួយដី និងអាកាសធាតុមិនល្អ ដើម្បីស្វែងរកអ្នករស់រានមានជីវិត និងអ្នកបាត់ខ្លួន ដោយឆ្លងកាត់តាមគំនរបាក់បែក។ ស្របពេលនោះដែររដ្ឋាភិបាល​ជប៉ុនបាន​និយាយ​ថា មនុស្ស​ជាង ៣១,៨០០នាក់​ កំពុង​ស្ថិត​ក្នុង​ជម្រកសុវត្ថិភាព។

សូមជម្រាបថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បាននឹងកំពុងធ្វើឡើងដោយអាជ្ញាធរមូលដ្ឋាន ប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងអង្គភាពប្រតិបត្តិការផ្សេងទៀត ខណៈចំនួនបុគ្គលិក និងសត្វសុនកហិតក្លិន ក៏បានពង្រឹងបន្ថែម រួមទាំងខិតខំជួយសង្គ្រោះផងដែរ៕

ប្រភព៖ CNA

Share.